អភិបាលខេត្តឧត្តរមានជ័យអញ្ជើញសួរសុខទុក្ខពលរដ្ឋភៀសខ្លួនដែលភ័យខ្លាចគេចចេញពីការគប់គ្រាប់បែក និងបាញ់កាំភ្លើងរបស់ទាហានថៃ
ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥បានដឹកនាំ ក្រុមការងារចុះពិនិត្យនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានភៀសខ្លួនជាមួយនឹងក្តីបារម្ភ ភ័យខ្លាច ពីការបោកគ្រាប់បែក និងបាញ់កាំភ្លើងធុនតូច នៅម៉ោង៣ និង៥៨នាទីទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញានៅតំបន់ប្រាសាទតាមាន់ ពីសំណាក់ទាហានថៃ សារជាថ្មីម្តងទៀត មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើដំណើរចាកចេញពីផ្ទះសម្បែង ដោយក្តីតក់ស្លុត និងបានមករកទីតាំងសុវត្ថិភាពដើម្បីស្នាក់ នៅបណ្តោះអាសន្ន នៅក្នុងបរិវេណសាលាបឋមសិក្សាឈើស្លាប់ស្ថិតក្នុងឃុំកោគខ្ពស់ ស្រុកបន្ទាយអំពិល ។
ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការអត់ធ្មត់ខ្ពស់និងត្រូវ រក្សាសុខភាព អនាម័យ ក្នុងការស្នាក់នៅជាបណ្តោះអាសន្ននេះឱ្យបានល្អប្រសើរ។ លោកបន្តថាដោយសារតែការឈ្លានពានពី ទាហានថៃម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជានៅតែរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីអនុវត្ត គោរពបទឈប់បាញ់។ ប៉ុន្តែភាគីទាហានថៃនៅតែបន្តសកម្មភាពយ៉ាងគឃ្លើន រំលោភបំពានម្តងហើយម្តងទៀតមកលើកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ ដែលរស់នៅតាមបន្ទាត់ព្រំដែន មានបញ្ហាប្រឈមខ្លាំងទៅនឹងការភ័យខ្លាចនិងបញ្ហាសុវត្ថិភាព ជាចម្បង។
គួរបញ្ជាក់ថា នៅម៉ោង ៣ និង៥៨នាទីទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា នៅតំបន់ព្រំដែនត្រង់ចំណុចប្រាសាទតាមាន់ទាហានថៃបាន បោកគ្រាប់បែក និងបាញ់កាំភ្លើងធុនតូច ។ចំណែកកងទ័ពកម្ពុជាមិនមានការតបតនោះឡើយ ដោយកម្ពុជាបានអនុវត្ត និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់៕
ដោយ៖ឡុង សំបូរ








