ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ។
មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះ ជាការជួបជុំសមាជិក សមាជិកា នៃសមាគមអតីតតយុទ្ធជនកម្ពុជា ដោយមានតំណាងសមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានី ប្រមាណ ៤០០នាក់ចូលរួម ដើម្បីស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។
ក្នុងមហាសន្និបាតនេះ ឯកឧត្តម គតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅអនុវត្ដបន្ដរបស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។
ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹងផ្ដល់នូវរបាយការណ៍ ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។
សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មាននៅកម្ពុជា ។
សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពនៃកម្ពុជា គឺជាវរជនឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង និងបានយកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន បានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តាមរយៈការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ ដោយបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវពន្លឺសន្តិភាពក្រាលគ្របលើដែនសុវណ្ណភូមិ ប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ ទទួលបានឯកភាពទឹកដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអតីតយុទ្ធជនក្នុងជម្លោះបានធ្វើសមាហរណកម្មមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។
អតីតយុទ្ធជន ជាវីរជនមានគុណបំណាច់ខ្ពស់ចំពោះជាតិ និងប្រជាជន តាមរយៈការរួមចំណែកក្នុងចលនាតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ក្លាហានប្រយុទ្ធតទល់នឹងខ្មាំងសត្រូវ និងបានចូលរួមស្វែងរកសន្តិភាព កសាងជាតិ និងការពារបូរណភាពទឹកដីប្រឆាំងអំពើឈ្លានពានពីបរទេស។
តាមរយៈគុណបំណាច់ដ៏ធំធេងនេះ រាជរដ្ឋាភិបាល និងសង្គមជាតិ បានយកចិត្តទុកដាក់ផ្តល់កិត្តិយស ផ្តល់របបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ។
រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។
ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោល បំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយ បន្ថែម ទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់ តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ ៕
ដោយ ៖ វណ្ណលុក
