សម្ដេចតេជោ ហ៊ុន សែន៖ ៧ មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាន​នាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបដល់សព្វថ្ងៃនេះ

(ភ្នំពេញ)៖ ៧ មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាននាំមកវិញនូវសិទ្ធិ​គ្រប់​បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីថ្ងៃ ៧ មករា បាន​បញ្ចប់របបសករាជដ៏ខ្មៅងងឹតបំផុត ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញជា​អធិបតី​​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា​ទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធា​នីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់​ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រម​ទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍​ថា ជ័យជំនះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានបញ្ចប់របបសករាជដ៏ខ្មៅងងឹតបំផុត និង​បើក​សករាជថ្មីរបស់កម្ពុជា គឺឯករាជសេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហ្ដរាយ និងគ្រោះ​មរណៈ ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់រូប​រហូត​ដល់សព្វថ្ងៃនេះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយឈរលើមាគ៌ានេះ កម្ពុជាបានបញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃ ដែលនាំមកសន្ដិភាពភាព ឯកភាពជាតិដ៏ពេញលេញ និងឯកភាព​ទឹកដី​ទាំងស្រុង ចាប់តាំងពីឆ្នាំ១៩៩៨មក ដោយមានយុទ្ធសាស្រ្ដឌីហ្វិត  គឺជាយុទ្ធសាស្រ្ដ​មួយ ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោ​ធា​របស់ខ្មែរ​ក្រហម​ទាំងស្រុងតាមរយៈការអនុវត្ដដោយជោជ័យ នៃនយោបាយឈ្នះឈ្នះ ។

សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន​យក​ចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងបានដាក់ចេញនូវគោល​នយោ​បាយ​នានា ដើម្បីគុណប្រយោជន៍របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន ។

សម្តេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគូសបញ្ជាក់ថា សមាគមអតីត​យុទ្ធ​ជន​កម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ដោយ​​ការសម្រេចឲ្យពួកគាត់ជ្រកក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការផ្សារ​ភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ និងអតីតយុទ្ធជន ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា អតីតយុទ្ធជន និងនិវត្តជន បានដាក់ក្នុង​ក្រោម​ដំបូលសមាគមតែមួយ គឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ​ពីយើង ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner