ព្យុះ ប៊ូឡយ វាយប្រហារវៀតណាម ៣ម៉ឺននាក់ភៀសខ្លួន, ស្លាប់និងបាត់ខ្លួន៥នាក់

ហាណូយ ៖ នៅប្រទេសវៀតណាម ព្យុះទីហ្វុង ប៊ូឡយ បានសម្លាប់មនុស្សម្នាក់, បាត់ខ្លួន ៤នាក់ ព្រមទាំងមានការជម្លៀសមនុស្ស ជិត៣ម៉ឺននាក់ ចេញពីផ្ទះសម្បែង។

ព្យុះទីហ្វុង ប៊ូឡយ (Bualoi) ដែលជាព្យុះទី ១០ បានប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ ដោយបានវាយប្រហារ ខ្សែក្រវ៉ាត់កណ្តាល នៅម៉ោងជាង១០យប់ ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។

ព្យុះនេះបានបង្កើតកម្លាំងខ្យល់ ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួម។ ខេត្ត និងទីក្រុង រាប់ចាប់ពី Ninh Binh ដល់ Quang Ngai បានជម្លៀសមនុស្សជាង ២៨,៥០០នាក់ ហើយមនុស្សម្នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀត បាត់ខ្លួន នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាម។

មជ្ឈមណ្ឌលផលិតដែកសំខាន់មួយ ត្រូវបានប្រើទុក សម្រាប់ការជម្លៀសមនុស្ស ខណៈដែលសាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ត្រូវបានប្តូរទៅជាជម្រកបណ្តោះអាសន្ន។

ទាហានរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ខណៈអាកាសយានដ្ឋានក្នុងស្រុកត្រូវបានបិទ ហើយទូកនេសាទទាំងអស់ នៅក្នុងផ្លូវរបស់ព្យុះទីហ្វុង ត្រូវបានហៅត្រឡប់ទៅកំពង់ផែវិញ។

អ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះកាន់តែមានកម្លាំងខ្លាំង នៅពេលដែលពិភពលោកឡើងកំដៅ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយមនុស្ស។

នៅប្រទេសវៀតណាម មនុស្សជាង ១០០នាក់បានស្លាប់ ឬ បាត់ខ្លួន ដោយសារតែគ្រោះធម្មជាតិ ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ២០២៥ នេះបើយោងតាមក្រសួងកសិកម្ម។

ប្រទេសវៀតណាមបានទទួលរងការខាតបង់សេដ្ឋកិច្ច ចំនួន ៣.៣ ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំមុន ដោយសារព្យុះទីហ្វុង Yagi ដែលបានបោកបក់ពាសពេញភាគខាងជើង របស់ប្រទេស និងបណ្តាលឱ្យមានអ្នកស្លាប់មនុស្ស រាប់រយនាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner