ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាពនៃសមាគម ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិក

(ភ្នំពេញ)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគម ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជា​សមា​ជិក ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ពិធីបើក​មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានកា​រអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកា​ជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រ​មាណ ៤០០នាក់ ។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានមានប្រ​សាសន៍ ដោយបានប្រកាសផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីត​យុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជា​សមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌ នៃ​អតីត​យុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយក​ចិត្ត​ទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើ​ដំណើររួមគ្នា នាពេលអនាគត ។

សម្តេចតេជោ បានលើកជាឧទារណ៍ថា នៅពេលបុណ្យទានម្តងៗ អតីតយុទ្ធជន ត្រូវបាន​អញ្ជើញឱ្យចូលរួម ប៉ុន្តែមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ មិនត្រូវបាន​អញ្ជើញឱ្យចូលរួមនោះទេ។ ប៉ុន្តែជាសំណាងល្អ នារយៈពេលកន្លងទៅនេះ ក្រសួង និងស្ថាប័ននីមួយៗ តែងតែអញ្ជើញនូវមន្ត្រីរាជការមកចូលរួមដែរ។ ដូច្នេះនៅពេល​ក្រោយ យើងនៅក្រោមដំបូលនេះ យើងមានលក្ខន្តិកៈត្រឹមត្រូវ យើងកាន់តែប្រមូល​ផ្តុំកម្លាំង ទាំងអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលសមាគមនេះ។ ការធ្វើបែប​នេះ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែង​ស្ទើតែមួយ​ជីវិត ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner