ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ ។
អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។
ជាមួយគ្នានេះ តាមរយៈមន្ត្រីពីទីស្នាក់ការកណ្តាល, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ ។
ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលសូមឱ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។ ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក។ ពេលបងប្អូនត្រឡប់ទៅលំនៅដ្ឋានវិញ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នពីសត្វអាសិរពិស និងបន្តខិតខំប្រកបរបរដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ៕
ដោយ / គ្រី សម្បត្តិ








