អភិបាល ខេត្ត បន្ទាយមានជ័យ ដាក់លិខិតប្រឆាំងទៅនឹងរដ្ឋបាលខេត្តស្រះកែវ ពីការលើកបដាអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាក់ដាក់លិខិតប្រឆាំងតបតទៅកាន់ អភិបាលខេត្តស្រះកែវ របស់ថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងលិខិតនេះអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត ស្រះកែវ បានលើកបដាដោយមានខ្លឹមសារ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា”ក្នុងនាមរដ្ឋបាលខេត្ត បន្ទាយមានជ័យ ខ្ញុំសូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះដូចខាងក្រោម ៖ សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិ ទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។

ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាន និងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000), កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មា ធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

អភិបាល ខេត្ត បន្ទាយមានជ័យ បានលើកឡើងដែរថាសកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភា គឺទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្ត គ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាល ភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាកន្លងមក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner