ហាម៉ាស់ ថា ជួយរកចំណាប់ខ្មាំងបាត់ខ្លួន តែអ៊ីស្រាអែលឈប់វាយសិន

ហ្គាហ្សា ៖ ក្រុមហាម៉ាស់បានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារសិន ខណៈដែលខ្លួនសន្យាជួយស្វែងរកចំណាប់ខ្មាំង ពីរនាក់ដែលបានបាត់ខ្លួន។

កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យយោធាអ៊ីស្រាអែល បញ្ឈប់ជាបណ្តោះអាសន្ន នូវការវាយប្រហារតាមអាកាស និងដកខ្លួនចេញពីផ្នែកខ្លះ នៃ ទីក្រុងហ្គាហ្សា ខណៈដែលខ្លួនព្យាយាមស្វែងរកចំណាប់ខ្មាំងអ៊ីស្រាអែល ពីរនាក់ ដែលបានបាត់បង់ការទាក់ទង។

កងពលតូច លោក Ezzedine Al-Qassam បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជីវិតរបស់អ្នកទោសទាំងពីរ គឺស្ថិតនៅក្នុងគ្រោះថ្នាក់ ពិតប្រាកដ ហើយ កងកម្លាំងអ៊ីស្រាអែល ត្រូវតែដកខ្លួនភ្លាមៗ និង បញ្ឈប់ប្រតិបត្តិការ តាមអាកាសរយៈពេល ២៤ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការប៉ុនប៉ង ជួយសង្គ្រោះអ្នកទោស»។

នៅក្នុងសេចក្តីប្រកាស មុននេះ ក្រុមប្រដាប់អាវុធបាននិយាយថា ការបាត់បង់ទំនាក់ទំនង គឺ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេល ៤៨ ម៉ោងមុន នៅក្នុងសង្កាត់ចំនួនពីរ នៃទីក្រុង Gaza ភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមផ្លូវអាកាស និង ផ្លូវគោក។

កាលពីមុននេះ ចលនាអ៊ិស្លាមនិយមបានប្រកាសថា ខ្លួនបានបាត់បង់ទំនាក់ទំនង ជាមួយចំណាប់ខ្មាំងជនជាតិអាមេរិក-អ៊ីស្រាអែល ដែលត្រូវបានដោះលែង ពីរបីថ្ងៃ បន្ទាប់ពីការប្រកាសនោះ។ ចាប់តាំងពីចាប់ផ្តើមការវាយលុករបស់ខ្លួន លើទីក្រុង Gaza យោធាអ៊ីស្រាអែលបានបញ្ជា ម្តងហើយម្តងទៀត ឱ្យប៉ាឡេស្ទីន ផ្លាស់ទីទៅភាគខាងត្បូង។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សា ដែលជាកម្លាំងជួយសង្គ្រោះ និង ដែលកំពុងប្រតិបត្តិការ ក្រោមអាជ្ញាធរហាម៉ាស បាននិយាយថា មនុស្ស ៣៨នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះ មាន១៤នាក់ នៅទីក្រុងហ្គាហ្សា។

សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបញ្ឆេះឡើង ដោយសារតែការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សចំនួន ១,២១៩ នាក់បានស្លាប់ ដែលភាគច្រើន ជាជនស៊ីវិល។

ការវាយលុកសងសឹក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦៦,០០៥ នាក់ ដែលភាគច្រើន ជាជនស៊ីវិល៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner