រាជរដ្ឋាភិបាល សម្រេចបង្កើនថវិកា រហូតដល់ ៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។

នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលជំនាញនានា ដល់កូនចៅអតីតយុទ្ធជន និងនិវត្តជន ដើម្បីឲ្យពួកគេមានការងារធ្វើត្រឹមត្រូវ ក្រោយអវត្តមានរបស់ឱពុកម្តាយរបស់ពួកគេ ។

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់អតីតយុទ្ធជន ជានិវត្ដជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្ដិសាស្ដ្រយោធាវិមានរំលឹកគុណ និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្ដិសាស្ដ្រ ដើម្បីចារិកទុក និងតម្កល់និមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្ដិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំ នូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ដើម្បីជាតិមាតុភូមិ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner