រុស្ស៊ីព្រមានឆ្លើយតប ចំពោះការឈ្លានពានណាមួយ
អ.ស.ប ៖ រុស្ស៊ីបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ មកលើប្រទេសរបស់ខ្លួន។
អ្នកការទូតកំពូល របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ បានព្រមានអំពី “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះ “ការឈ្លានពាន” ណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគាំទ្រការអំពាវនាវឱ្យបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាស របស់ប្រទេសនៃអង្គការណាតូ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា «រុស្ស៊ីកំពុងត្រូវបានចោទប្រកាន់ថា ស្ទើរតែ រៀបចំផែនការវាយប្រហារសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង និង បណ្តាប្រទេសសហភាពអឺរ៉ុប»។ លោកបាននិយាយថា «រុស្ស៊ីមិនដែលមានចេតនាបែបនេះទេ… ទោះបីជាយ៉ាងណាក៏ដោយ ការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសរបស់ខ្ញុំ នឹងត្រូវយតប យ៉ាងម៉ឺងម៉ាត់»។
ប្រទេសជាច្រើនរបស់អង្គការណាតូ បាននិយាយថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានរំលោភលើដែនអាកាស របស់ពួកគេ នៅក្នុងទ្វីបអឺរ៉ុប អំឡុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា បានសាកល្បងសម្ព័ន្ធភាពមួយនេះ។
យ៉ាងណា លោក Lavrov បានសរសើរលោក Trump នៅក្នុងវិធីសាស្រ្ត នៃរដ្ឋបាលអាមេរិក បច្ចុប្បន្ន ដែលរស្ស៊ីឃើញថា មានបំណងប្រាថ្នាមួយ មិនត្រឹមតែរួមចំណែក ដល់មធ្យោបាយដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ជាក់ស្តែង ប៉ុណ្ណោះទេ ថែមទាំងជាបំណងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយមិនប្រកាន់ជំហរមនោគមវិជ្ជា ដោយចង់សំដៅលើ ការរៀបចំជំនួបកំពូល រវាងលោក ពូទីន និង លោក ត្រាំ នៅរដ្ឋអាឡាស្កា កាលពីពេលថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត