សម្ដេចតេជោ៖រដ្ឋបានឈប់ផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនឯក​ជនចាប់​តាំងពីឆ្នាំ២០១២ មកម៉្លេះ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋឈប់ផ្ដល់ដី​សម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ ដោយ​ទុកដីចែកជូន​ពលរដ្ឋក្រីក្រ អតីតយុទ្ធជន និងនិវត្តន៍ជន និងបានរំលឹក​ក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវផ្តល់ដីសង្គមកិច្ចឱ្យ​អតីតយុទ្ធជន និងនិវត្តន៍ជនដែលអត់ពិតប្រាកដ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥ ប្រមុខរដ្ឋស្ដីទី និងជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជាបានថ្លែងដូច្នេះក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា​ទូទាំង​ប្រទេសកាលពីព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីសំណាក់សមាជិក​គណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកា ជាតំណាង​អតីត​យុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស​សរុបប្រមាណ ៤០០នាក់ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់តាំងពីឆ្នាំ២០១២​មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឱ្យទៅ​ក្រុមហ៊ុនណា​ទៀតទេ ហើយយើងនឹងបន្ដមិនផ្ដល់ដីធ្លីសម្រាប់ក្រុមហ៊ុនបន្ដ​ទៀត​ទេ ។ បន្ថែមពីនោះទៀត សម្ដេច​តេជោបញ្ជាក់ថា ដីធ្លីដែល​រដ្ឋបានដកហូតមកវិញសម្ដេចបានណែនាំជាបន្ដបន្ទាប់ឱ្យរក្សាទុកដីធ្លី​នោះ គឺជាដីធ្លី​សម្រាប់ផ្ដល់សម្បទានសង្គមកិច្ច ជូនអ្នកខ្វះ​ដី ដែលក្នុងនោះ គឺមួយភាគក៏ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន ។

ក្នុងឱកាសដដែលនេះសម្ដេចតេជោ ក៏បានជំរុញដល់ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈ​កម្មការសម្បទាន​ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្ដពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុង​ការ​ផ្ដល់ដីសង្គមកិច្ច ជូនអតីតកង​កម្លាំងប្រដាប់អាវុធ, អតីត​យុទ្ធជន និងនិវត្តន៍ជនដែលក្រីក្រពិតប្រាកដផងដែរ ។បន្ថែមពីការផ្ដល់ដីសម្ដេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញ​ដល់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបន្តគម្រោង​សាងសង់​ផ្ទះដល់អតីត​យុទ្ធជន និងនិវត្តន៍ជនផងដែរ ហើយដែល​ការ​សាងសង់ផ្ទះ និងការផ្ដល់ដីសម្បទានសង្គមកិច្ច​ដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល គឺជាផ្នែកមួយនៃ​ការដោះស្រាយគោលនយោបាយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល តាំងពី​អាណត្តិរដ្ឋាភិបាលមុន និងបន្តដោយរដ្ឋាភិបាលដឹកនាំ​ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ពេលនេះ ធ្វើយ៉ាងណា ជួយលើកកម្ពស់ជីវភាពរស់នៅរបស់​អតីតយុទ្ធជន អតីតមន្ត្រី​រាជការ ដែលបានបម្រើជាតិ​មាតុភូមិស្ទើរ​ពេញមួយ​ជីវិតរបស់​ពួកគាត់ ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ជូនសម្បទានិក នៃសម្បទានដីសង្គមកិច្ចចំនួន ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបាន​បង្ហាញការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងគ្រួសារ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា លើសពីការទទួល​បានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មី ដែលផ្សារភ្ជាប់ជា​មួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ក្នុងនោះមានការកសាងផ្លូវ​ខ្វាត់ខ្វែង ស្របតាមបច្ចេកទេសដែលខុសគ្នាពីភូមិចាស់។ ជាមួយនឹងការរៀបចំពង្រីកភូមិថ្មីនេះ ក៏នឹងមានការគិតគូរអំពី​សេដ្ឋកិច្ច ស្របតាមអ្វីដែលយើងហៅថា បុរីជនបទ ក្នុងនោះត្រូវរៀបចំពង្រីកទីប្រជុំជន ត្រូវមានផ្លូវសម្រាប់ធ្វើដំណើរ មានផ្សារ សាលារៀន មន្ទីរពេទ្យ ត្រូវវាស់វែងដី​ឡូត៍ឱ្យបានច្បាស់​លាស់ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំ​ឱ្យមានវិវាទដីធ្លី ហើយដីឡូត៍​នីមួយៗ គប្បីត្រូវបែងចែកជាផ្នែក ដើម្បីបង្កើនជីវភាពគ្រួសារ ក្នុងនោះ ១ភាគ៤ នៃដីឡូត៍នេះគឺ​ជាផ្ទះ ,១ភាគ៤ គឺជាស្រះទឹកសម្រាប់ចិញ្ចឹមត្រី ឬដើម្បីមានទឹក​ទុកប្រើប្រាស់ស្រោចស្រពដំណាំកសិផលផ្សេងៗ ,១ភាគ៤ ទៀតនៃ​ដីឡូត៍នេះទុកសម្រាប់ដាំដំណាំ និង១ភាគ៤ ទៀតទុក​សម្រាប់​ចិញ្ចឹមសត្វ ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner