«វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន និង វិនិយោគិន» ជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម
(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ បានរៀបចំ «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង វិនិយោគិន» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធាន ក.វ.ឦសាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរីព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និង អន្តរជាតិ ជាច្រើនរ

វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណង ៖ (១) បន្តផ្សព្វផ្សាយអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨», (២) ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងភូមិភាគឦសាន តាមរយៈ បទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និង (៣) ពិគ្រោះយោបល់ដោយផ្ទាល់ រវាងវិនិយោគិននិង ក.វ.ឦសាន និង តំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និង ដំណោះស្រាយសម្រាប់ការវិនិយោគ ។

វេទិកានេះ មានការធ្វើបទបង្ហាញពីក្រុមហ៊ុន ចំនួន ២ គឺ៖ (១) ក្រុមហ៊ុនSocfin Cambodia ដែលជាក្រុមហ៊ុនផលិត និង កែច្នៃកៅស៊ូធម្មជាតិសម្រាប់ការនាំចេញ ដែលមានប្រតិបត្តិការនៅខេត្តមណ្ឌលគិរី, និង (២)ក្រុមហ៊ុន UBE Development ដែលអភិវឌ្ឍ និង វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសស្នួល ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ។ បទបង្ហាញទាំងនេះ បានបង្ហាញនូវបរិយាកាសវិនិយោគ និង ទិដ្ឋភាពនៃធុរកិច្ចចម្រុះ, ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មក្នុងភូមិភាគឦសាន និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅក្បែរច្រកអន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ ។ បទបង្ហាញទាំងនេះ បានស្តែងឱ្យឃើញនូវចំណាប់អារម្មណ៍ខ្ពស់ របស់វិនិយោគិនជាតិ-អន្តរជាតិ ចំពោះសក្តានុពល និង លក្ខណៈអំណោយផលនៃបរិយាកាសវិនិយោគនៅភូមិភាគឦសាន ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិនិយោគ និង ការអភិវឌ្ឍភូមិភាគឦសាន ។

ក្នុងបរិការណ៍នៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជាបានធ្វើពហិការចំពោះទំនិញថៃ និង ងាកមកគាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងផុសផុល ដែលឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការលើកស្ទួយការផលិត និង ការកែច្នៃសម្រាប់ទីផ្សារក្នុងស្រុកផង និង ទីផ្សារអន្តរជាតិផង, ព្រមទាំងបង្កើតការងារកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា ។ ក្នុងឱកាសនេះ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាននិងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀត ពីសំណាក់វិនិយោគិន និង ធុរជន តាមរយៈការលើកទឹកចិត្តពិសេសផ្សេងៗ សម្រាប់ការវិនិយោគ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ការបំពេញបន្ថែមពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់ផែពហុបំណង និង ព្រលានយន្តហោះ ជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹងភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និង ប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគទាំងមូលនៅកម្ពុជា ។

ឦសាន, រដ្ឋបាល និង មន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និង អន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រដែលការពារ និង ធានានិរន្តរភាពនៃការវិនិយោគនៅភូមិភាគឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និង យន្តការមានលក្ខណៈជាកញ្ចប់ និង ប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
គួរបញ្ជាក់ជូនថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយ តាមរយៈ៖ (១) ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ, (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និង (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន ។

ទន្ទឹមនេះ, ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ការវិនិយោគក្នុងភូមិភាគឦសាន អាចធ្វើឡើងក្នុងទំហំវិនិយោគ ចាប់ពី ១០០ ០០០ ដុល្លារអាមេរិកឡើងទៅ ។ លើសពីនេះទៀត, ការគាំទ្រ និង ការសម្រួលនីតិវិធីវិនិយោគនានា នៅភូមិភាគឦសាន នឹងត្រូវអនុវត្តក្រោមយន្តការ «ច្រកចេញចូលតែមួយ»របស់ ក.វ.ឦសាន ដែលផ្តល់ការពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ក៏ដូចជា លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជូនគម្រោងវិនិយោគ តាមរយ:ការសម្រេចជាកញ្ចប់រួមគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។
ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង៖
- ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775 / 97 256 7174,
- ទីតាំងទី២. ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,
- ទីតាំងទី៣. ការិយាល័យស្ថិតនៅក្នុងអគារក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664,
- ទីតាំងទី៤. ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និង
- ទីតាំងទី៥. ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664 ៕
ដោយ៖ង៉ាន់ ទិត្យ
