តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?
(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥នេះបានបង្ហាញពីអត្ថបទ បរទេស ដើម្បីស្វែងយល់អំពីគ្រោះថ្នាក់កើតចេញពីសារជាតិបា្លស្ទិក។អត្ថបទនេះដែរបានបង្ហាញពីការវិវត្តនៃគ្រោងឆ្អឹង និង ភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្សយើង។
យោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាតាមរយៈការសិក្សាមួយនាពេលថ្មីៗនេះគេបានរកឃើញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹងមិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ។ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការរកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ។
តាមរយៈគេហទំព័រ Springer Link បានផ្សាយអត្ថបទស្រាវជ្រាវ របស់ស្ថាប័ន Osteoporosis International បានឱ្យដឹងថា ការស្រាវជ្រាវលម្អិតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុដែល មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក MPs ប៉ះពាល់ទៅលើឆ្អឹង និងខួរឆ្អឹង នាពេលបច្ចុប្បន្ន និងបញ្ហាចម្បងដែលនាំឱ្យមានជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។
ការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផលគួរឱ្យព្រួយបារម្ភ ដោយសារធាតុ MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់និងឆ្អឹង ធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែនក្នុងកោសិកា បង្កឱ្យមានការរលាក និងជំរុញឱ្យឆ្អឹងពុកជាដើម ។ ប្លាស្ទិក MPs ក៏ត្រូវបានរកឃើញមានទំនាក់ទំនង នឹងការចុះខ្សោយនៃចំនួនគ្រាប់ឈាមក្នុងខួរឆ្អឹងខ្នងផងដែរ។
ក្នុងការធ្វើពិសោធន៍លើសត្វ បានបង្ហាញដែរថា ការទទួលទានអាហារច្រកដោយប្លាស្ទិក ឬមានសារធាតុប្លាស្ទិក បានបង្កឱ្យមានមីក្រូប្លាស្ទិក MPs បង្កជាបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ពោះវៀន និងកាត់បន្ថយចំនួនកោសិកាឈាមស ដែលបង្ហាញពីមុខងារខួរឆ្អឹង មិនបានដំណើរការជាប្រក្រតី។ សារធាតុប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងកោសិកាឆ្អឹង និងនៅក្នុងកោសិកាឈាមផ្សេងទៀត។ លើសពីនេះ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (MPs) បានប្រមូលផ្តុំនៅក្នុងឆ្អឹង និងបានកាត់បន្ថយការលូតលាស់របស់ឆ្អឹង និងការចុះខ្សោយនៃប្រព័ន្ធការពាររបស់ខួរឆ្អឹង ដែលមានមុខងារ ជួយបង្កើតប្រព័ន្ធការពាររាងកាយ។
ទោះបីជាការសិក្សាជាច្រើនបានរកឃើញផលប៉ះពាល់របស់ មីក្រូនិងលម្អងប្លស្ទិក MPs លើសំណាកកោសិកា និងជាលិកាឆ្អឹងរបស់សត្វក៏ដោយ ប៉ុន្តែវាក៏អាចកើតមាននៅក្នុងឆ្អឹង ឬខួរឆ្អឹងរបស់មនុស្សរួចទៅហើយ។ ជាមួយគ្នានេះ ការសិក្សាឱ្យច្បាស់លាស់ជាងនេះនឹងបន្តធ្វើបន្ថែមទៀត៕
ដោយ ៖ ម៉ាដេប៉ូ
