Alibaba ចាប់ដៃ Nvidia អភិវឌ្ឍមនុស្សយន្ត AI
បរទេស ៖ ក្រុមហ៊ុន Alibaba របស់ចិនបានចាបដៃ ជាមួយក្រុមហ៊ុនអាមេរិក Nvidia អភិវឌ្ឍមនុស្សយន្ត AI ចំពេលអាមេរិក និងចិនកំពុងតានតឹង។
Alibaba បានប្រកាស កាលពីសប្តាហ៍មុនថា ការសហការគ្នានេះ គឺជាជំហានដ៏សំខាន់ នៅក្នុងបច្ចេកវិទ្យា AI ជាមួយក្រុមហ៊ុនបន្ទះឈីបយក្ស របស់អាមេរិក Nvidia ដោយក្រុមហ៊ុនចិន មួយនេះ បាននិយាយថា នឹងពន្លឿនការអភិវឌ្ឍន៍ មនុស្សយន្ត របស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ Alibaba បានរៀបរាប់ថា «គំនិតផ្តួចផ្តើមនេះ ផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ នូវវេទិកាដែលមានមូលដ្ឋានលើ Clouding ដ៏ទូលំទូលាយ ដើម្បីពន្លឿនការជឿនលឿន នៃផ្នែកមនុស្សយន្ត ជាមួយនឹងដំណោះស្រាយ AI » ។ ក្រុមហ៊ុន Alibaba បាននិយាយ កាលពីខែកុម្ភៈថា ខ្លួននឹងចំណាយយ៉ាងហោចណាស់ ៥៣ ពាន់លានដុល្លារ លើការស្រាវជ្រាវ បច្ចេកវិទ្យា AI និង cloud computing ក្នុងរយៈពេលបីឆ្នាំ ខាងមុខ។
យ៉ាងណា ដំណឹងនេះ ត្រូវប្រកាស ចំពេលដែលប្រទេសចិន និង សហរដ្ឋអាមេរិកបានជាប់គាំង នៅក្នុងសមរភូមិបច្ចេកវិទ្យា ដ៏ស្វិតស្វាញ ដោយសារតែ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់កម្រិតលើ Nvidia ពីការនាំចេញផលិតផលទំនើបបំផុតរបស់ខ្លួន ដែលជាធាតុផ្សំដ៏សំខាន់ នៅក្នុងបដិវត្តន៍ AI ជំនាន់ថ្មី ទៅកាន់ប្រទេសចិន។
សហរដ្ឋអាមេរិកបានបញ្ជាក់ កាលពីខែមុន ថា Nvidia នឹងបង់ប្រាក់ឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ១៥ភាគរយ នៃប្រាក់ចំណូល ពីការលក់បន្ទះឈីប AI ជាក់លាក់ នៅក្នុងប្រទេសចិន។
យ៉ាងណា ក្នុងសង្គ្រាមបច្ចេកវិទ្យានេះ ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភ អំពីសន្តិសុខជាតិ ជុំវិញការប្រើបន្ទះឈីប របស់ Nvidia ដោយបានជំរុញឱ្យអាជីវកម្មចិន ពឹងផ្អែកលើអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ក្នុងស្រុក ជំនួសវិញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត