ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa នឹងកាត់បន្ថយបុគ្គលិក ៤,០០០នាក់
បែរឡាំង ៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បាននិយាយ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះថា ត្រឹមឆ្នាំ២០៣០ ខ្លួននឹងកាត់បន្ថយបុគ្គលិក ចំនួន៤,០០០នាក់
ស្មើនឹងជិត៤ភាគរយ នៃកម្លាំងការងារសរុប ជាការផ្លាស់ប្តូរមួយ បង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុត របស់ប្រទេសនៅអឺរ៉ុប មួយនេះ។
ក្រុមហ៊ុន Lufthansa បានអះអាងថា ការកាត់បន្ថយការងារ ភាគច្រើន នឹងស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់ ដោយផ្តោតលើផ្នែករដ្ឋបាល ជាជាងមុខតំណែងប្រតិបត្តិការ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Lufthansa Group កំពុងពិនិត្យមើលសកម្មភាពណា ដែលនឹងលែងចាំបាច់ នាពេលអនាគត ឬ ការងារស្ទួនគ្នា ជាដើម។
ប្រភពបញ្ជាក់ផងដែរ អំពីការការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ជាមួយនឹងឌីជីថលនីយកម្ម និងការកើនឡើង នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលខ្លួនជឿថា នឹងនាំឱ្យមានប្រសិទ្ធភាព កាន់តែច្រើន នៅក្នុងវិស័យអាកាសចរណ៍ និងដំណើរការល្អ ជាងពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Lufthansa ក៏បានកំណត់គោលដៅហិរញ្ញវត្ថុថ្មី សម្រាប់ឆ្នាំ ២០២៨-២០៣០ រួមទាំង ការកែសម្រួលរង្វាស់ប្រតិបត្តិការពី ៨ ទៅ ១០ ភាគរយ។
យ៉ាងណា ទីភ្នាក់ងារព័ត៌មាន france24 បានចុះផ្សាយថា ក្រុមហ៊ុនយក្សមួយចំនួន របស់ប្រទេសអាល្លឺម៉ង់ មានការពិបាក ដោយសារតែការប្រកួតប្រជែង របស់ប្រទេសចិន, ការចំណាយថាមពលខ្ពស់ និង ការទទួលយកបច្ចេកវិទ្យាថ្មីៗ មានភាពយឺត។ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ឆ្នាំទីពីរ ជាប់ៗគ្នា ជាមួយនឹងអត្រាអត់ការងារធ្វើ ស្ថិតក្នុងកម្រិតដ៏ខ្ពស់ ប្រចាំទសវត្សរ៍។
សេចក្តីប្រកាសរបស់ Lufthansa Group បានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអាល្លឺម៉ង់ដ៏ធំមួយទៀត ដែលជាក្រុមហ៊ុនឧស្សាហកម្មយក្ស Bosch បាននិយាយថា ខ្លួននឹងកាត់បន្ថយការងារចំនួន ១៣,០០០កន្លែង ឬ បីភាគរយ នៃកម្លាំងពលកម្មទូទាំងពិភពលោក របស់ខ្លួន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត