ឯកអគ្គរដ្ឋទូតទីម័រខាងកើត អរគុណ កម្ពុជាដែលបានជួយគាំទ្របានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងកម្ពុជា ដែលបានជួយគាំទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ។

ឯកឧត្តម បញ្ជាក់ថា កម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នាក្នុងគ្រាលំបាក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ មានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។

ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។ កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូត មានជំនឿមុតមាំថា ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ កាន់តែរឹងមាំរីកចម្រើនបន្ថែមទៀត ក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាដើមនោះ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner