MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ មិនមានរដ្ឋភាគីណាមួយ អាចលុបចោល ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ
(ភ្នំពេញ)៖ ឯកឧត្ដមសេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា៖”យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ៖
-ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា
-ត្រូវបានចុះបញ្ជីនៅអ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយអ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ
-មិនមានកាលបរិច្ឆេទផុតកំណត់
-មិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី
ឯកឧត្ដម សេង ឌីណា បានថ្លែងដោយបញ្ជាក់ដែរថា៖ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ៕
ដោយ ៖ ម៉ាដេប៉ូ






