អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួល ប្រាក់សរុបជាង ៧៧ម៉ឺនដុល្លារ ពីក្រុម ឆបោកតាមអនឡាញ
(ភ្នំពេញ)៖ អធិការរងស្រុកមួយមួយរូបនៃស្រុកបរវេលខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនក្រោមបទចោទប្រកាន់ បានទទួលសំណូកចំនួនជាង ៧៧ម៉ឺនដុល្លារជាថ្នូរឱ្យមានការដោះលែង ជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបក្រុម បោកប្រាស់តាមអនឡាញ Online Scam។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥បានឱ្យដឹងថាកាលពី ខែឧសភាឆ្នាំ២០២៥ តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការ ជាមួយ មូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុស ច្បាប់ជាច្រើននាក់ ក្នុងនោះ ជនជាតិថៃ ៤៣ នាក់ (ស្រី ២០ នាក់) ដែលធ្វើការបោកប្រាស់ តាមអនឡាញ។ ជាគោលការណ៍ នគរបាលជាតិនឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជាបញ្ជូនទៅប្រទេសវិញ។
ប្រភពខាងលើនេះបានបញ្ជាក់ប្រាប់ដែរថា ថៅកែទីតាំង Online Scams ជាជនជាតិថៃឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការដើម្បីសុំឱ្យមានការដោះលែងជនជាតិថៃ ៤៣ នាក់ ពីការឃុំឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឱ្យបាននៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិញ ដដែល ដោយចំណាយប្រាក់ជាច្រើន ។ ការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិមិន អាចសម្របសម្រួលឱ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ (៦ ថ្ងៃក្រោយ) ព្រមទាំងរិបយកប្រាក់រត់ការបាន ២00,000 ដុល្លារអាមេរិក ជូនមក តុលាការ។ ដោយសាររឿងនេះជារឿងរត់ការ តុលាការបញ្ជូនសំណុំរឿងនេះមកអង្គភាព ប្រឆាំងអំពើពុករលួយជាសមត្ថកិច្ចវិញ។
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួល ប្រាក់សរុបចំនួនចំនួន ៧៧៤,000 ដុល្លារអាមេរិក (ម្នាក់ ១៨,000 ដុល្លារអាមេរិក) ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣ នាក់នោះ ដើម្បីរត់ការ ដោះលែងកូនចៅរបស់ខ្លួនតាមរយៈជនជាតិថៃមួយរូបទៀតឈ្មោះ SRIPHAN SUPARP។
នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤,០០០ ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់។ ក្រោយពីមានភស្តុតាងគ្រប់ គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជន សង្ស័យប៉ុនប៉ងសូកប៉ាន់ ៦ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានឈ្មោះ ១-វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល (មានខ្លួន) ២-តាំង សំណាង ជាយោធា(មានខ្លួន) ៣-ហេង សុខណា (គេចខ្លួន) ៤-មុនី សុខដារ៉ូ (គេចខ្លួន) ៥- OVARARINT RAWI ជាថៅកែពួក Online Scams ៤៣ នាក់ ជាជនជាតិថៃ និងជាអ្នក ចំណាយលុយ 774,000 ដុល្លារអាមេរិក រត់ការដោះលែងកូនចៅ (គេចខ្លួន) និង ៦- SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។
អង្គភាពប្រឆាំងអំពើពុរលួយបានបន្តរកឃាត់ខ្លួនជនជាប់ចោទ ៤ នាក់ទៀត ហើយ ឈ្មោះ ហេង សុខណា និង មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាអ្នកទី៣ និងទី៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៣ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២ រូបទៀត ដែលពុំទាន់ចាប់បាន សុទ្ធតែ ជាជនជាតិថៃ ហើយជាម្ចាស់ Call Center៕
ដោយ ៖ ម៉ាដេប៉ូ
