មេដឹកនាំឥណ្ឌូណេស៊ីការពារកម្មវិធីចែកអាហារឥតគិតថ្លៃ ទោះមានអ្នកពុលជាង ៦០០នាក់ក៏ដោយ
ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅក្នុងថ្ងៃចន្ទនេះ បានជំនះការពារផែនការប្រកបដោយមហិច្ឆតារបស់លោក ដើម្បីផ្តល់អាហារឥតគិតលុយដល់កុមារ និងស្រ្តីមានផ្ទៃពោះ ទោះបីជាមានករណីពុលអាហារជាង ៦,០០០ករណីក៏ដោយ ដោយលោកបានអះអាងថា ភាគរយនៃអ្នករងគ្រោះប៉ះពាល់សុខភាពតិចតួចប៉ុណ្ណោះ ដូច្នេះកម្មវិធីនេះនឹងបន្តរហូតសម្រេចគោលដៅ។
សារព័ត៌មាន The Strait times បានចេញផ្សាយថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ ដើម្បីពិភាក្សាអំពីវិធីការពារការពុលអាហារ, លោក ប្រធានាធិបតី Prabowo បាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្តល់អាហារូបត្ថម្ភសម្រាប់កុមារជាច្រើន និង ការបង្កើតការងារ ពិសេសក៏ជាឱកាសសម្រាប់កសិករ និង អ្នកនេសាទក្នុងស្រុកលក់ផលិតផល។
ជាមួយគ្នានេះ លោកប្រធានាធិបតី Prabowo ក៏បានចេញបញ្ជាឱ្យផ្ទះបាយចំអិនអាហារនីមួយៗនៃកម្មវិធីនេះ ត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីត្រួតពិនិត្យគុណភាពអាហារ ធុងស្តុកអាហារ ធុងចម្រោះទឹក និងភ្ជាប់កាមេរ៉ាសុវត្ថិភាព CCTV ទៅរដ្ឋាភិបាលកណ្តាល ដើម្បីតាមដានត្រួតពិនិត្យបន្ថែម។
ទីភ្នាក់ងារអាហារូបត្ថម្ភជាតិនិយាយថា ក្នុងចំណោមផ្ទះបាយចំនួន ៩,០០០ទីតាំងនៃកម្មវិធីនេះ មាន ៤០ទីតាំងត្រូវបានបិទដោយសារតែមិនបំពេញតាមស្តង់ដារអនាម័យ។ កម្មវិធីចែកអាហារឥតគិតលុយនេះ ក៏បានលើកឡើងពីការព្រួយបារម្ភថា វាអាចនឹងមិនមាននិរន្តរភាព ដោយសារបញ្ហាហិរញ្ញវត្ថុ។
យ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ តួលេខនេះកើនឡើងបីដង បើធៀបនឹងការចំណាយនៅក្នុងឆ្នាំ ២០២៥នេះ ដែលមានជិត ៦ពាន់លានដុល្លារប៉ុណ្ណោះ។
គួរកត់សម្គាល់ គំនិតផ្តួចផ្តើមមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងការផ្តល់អាហារឥតគិតថ្លៃសម្រាប់កុមារ និង ស្ត្រីមានផ្ទៃពោះនេះ បានពង្រីកយ៉ាងឆាប់រហ័សចាប់តាំងពីការចាប់ផ្តើមដំបូងកាលពីខែមករា ដោយមានអ្នកទទួលប្រហែល ៣០លាននាក់ហើយ គិតមកទល់ពេលនេះ។ គោលដៅចម្បងនៃកម្មវិធីនេះ នឹងបន្តចែកអាហារឥតគិតថ្លៃដល់មនុស្ស ៨៣លាននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២៥៕
ប្រភព ៖ The Strait times ប្រែសម្រួល ៖ ឈឹម ទីណា



