លោក ត្រាំ អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលយល់ព្រមចំពោះផែនការហ្គាហ្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល សម្រាប់ការយល់ព្រម ចំពោះផែនការសន្តិភាព នៅលើតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិក លោក Donald Trump អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រាប់ការយល់ព្រមលើផែនការ នៅលើតំបន់ Gaza ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ខណៈដែលមេដឹកនាំទាំងពីរ កំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ចចារជាមួយក្រុមហាម៉ាស់ កាលពីថ្ងៃទី២៩ ខែកញ្ញា។

ប្រធានាធិបតី Donald Trump ក៏បានបង្ហាញពីក្តីសង្ឃឹមដែរថា ក្រុមហាម៉ាស់នឹងទទួលយក ផែនការនេះ ដូចគ្នា។ លោក Trump បាននិយាយ ថា «ខ្ញុំក៏ចង់អរគុណ នាយករដ្ឋមន្រ្តី Benjamin Netanyahu សម្រាប់ការយល់ព្រមចំពោះផែនការនេះ និង សម្រាប់ការជឿទុកចិត្តថា ប្រសិនបើ យើងធ្វើការជាមួយគ្នា យើងអាចបញ្ចប់ ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ» ។

លោកបានបន្តថា «ខ្ញុំសង្ឃឹមថា យើងនឹងមានកិច្ចព្រមព្រៀងមួយ ដើម្បីសន្តិភាព ហើយប្រសិនបើក្រុមហាម៉ាសបដិសេធកិច្ចព្រមព្រៀង ពួកគេនៅសល់តែម្នាក់គត់ អ្នកផ្សេងទៀត បានទទួលយកវា ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា យើងនឹងមានចម្លើយវិជ្ជមាន»។

សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបញ្ឆេះឡើង ដោយសារតែការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សចំនួន ១,២១៩នាក់បានស្លាប់ ដែលភាគច្រើន ជាជនស៊ីវិល។

ការវាយលុកសងសឹក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦៦,០០៥ នាក់ ដែលភាគច្រើន ជាជនស៊ីវិល។

គួរបញ្ជាក់ថា ជំនួបនាថ្ងៃនេះ ត្រូវបានមើលឃើញ ពីដំណើរទស្សនកិច្ច លើកទីបួន របស់លោក Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីលោក Trump បានត្រលប់មកកាន់អំណាច ក្នុងខែមករា ខណៈដែលប្រធានាធិបតីអាមេរិក រូបនេះ ព្យាយាមបញ្ចប់ជម្លោះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner