YouTube បង់ប្រាក់ ២២លានដុល្លារ ក្នុងការដោះស្រាយជាមួយលោក ត្រាំ

វ៉ាស៊ីងតោន ៖ បណ្តាញសង្គម យូធូប (YouTube) នឹងបង់ប្រាក់ចំនួន ២២លានដុល្លារ ក្នុងការដោះស្រាយបញ្ហា ជាមួយនឹងលោក ដូណាល់ ត្រាំ។

YouTube បានយល់ព្រមបង់ប្រាក់ ចំនួន២២លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ដែលប្តឹង ដោយប្រធានាធិបតី លោក Donald Trump បន្ទាប់ពីក្រុមហ៊ុន បានផ្អាកគណនីរបស់លោក ជុំវិញការវាយប្រហារ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល នេះបើយោងតាមឯកសារ របស់តុលាការ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា។

វេទិកាវីដេអូ អនឡាញ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ Google Parent Alphabet គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ចុងក្រោយគេ ដែលដោះស្រាយជាមួយ លោកTrump បន្ទាប់ពីលោក បានប្តឹងសំណុំរឿងផ្លូវច្បាប់។

ទឹកប្រាក់ចំនួន ២២ លានដុល្លារ នឹងឆ្ពោះទៅរកគម្រោងសាងសង់ចុងក្រោយបង្អស់ របស់លោក Trump តាមរយៈអង្គការមិនរកប្រាក់ចំណេញ ដែលមានឈ្មោះថា Trust for the National Mall យកទៅសង់សាលប្រជុំ នៅសេតវិមាន នេះបើតាមការជូនដំណឹងស្តីពីការប្តឹងតវ៉ា នៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា។

ក្រៅពីទឹកប្រាក់ ២២ លានដុល្លារ YouTube បានយល់ព្រមលើការបង់ប្រាក់ចំនួន ២.៥ លានដុល្លារ ដល់សម្ព័ន្ធមិត្តរបស់ Trump ផ្សេងទៀត រួមទាំង សហភាពអភិរក្សអាមេរិក ផងដែរ។

វេទិកាធំៗ បានដកលោក Trump បន្ទាប់ពីថ្ងៃទី ៦ ខែមករា ចំពេលមានការព្រួយបារម្ភថា លោកនឹងជំរុញឱ្យមានអំពើហិង្សា បន្ថែមទៀត ជាមួយនឹងការអះអាង ក្លែងក្លាយដែលថា ការក្លែងបន្លំអ្នកបោះឆ្នោត បណ្តាលឱ្យលោកចាញ់ លោក Joe Biden ក្នុងឆ្នាំ២០២០។

វេទិកានេះ បានរារាំង លោក Trump ពីការបង្ហោះមាតិកាថ្មី នៅថ្ងៃទី១២ ខែមករាឆ្នាំ ២០២១ ដោយចង្អុលទៅ ការព្រួយបារម្ភអំពីសក្តានុពល ដែលបន្ត សម្រាប់អំពើហិង្សា។

ការផ្លាស់ប្តូរនេះ បានកើតឡើង ស្របទៅនឹងសកម្មភាពរបស់ Facebook និង Twitter ដែលក៏បានផ្អាកសមត្ថភាពរបស់លោក Trump ក្នុងការបង្ហោះ បន្ទាប់ពីការចលាចល កាលពីថ្ងៃទី ៦ ខែមករា។ នេះគឺជាព្រឹត្តិការណ៍ ដែលក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នាចូលអុកឡុក វាយប្រហារ លើវិមានសភាអាមរិក ក្នុងការប៉ុនប៉ងមួយ ដែលមិនបានសម្រេច ដើម្បីផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០២០៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner