ណាមីប៊ីបញ្ជូនទ័ព ៥០០នាក់ ទៅពន្លត់ភ្លើងឆេះឧទ្យានជាតិ

វីនដុក ៖ ប្រទេស ណាមីប៊ី បានដាក់ពង្រាយទាហាន ៥០០នាក់ ចូលរួមយុទ្ធនាការពន្លត់ភ្លើងដែលឆាបឆេះឧទ្យានជាតិ អេតូស្សា (Etosha)។

ក្រុមមន្ត្រីបាននិយាយថា ប្រទេសណាមីប៊ី នៅអាហ្វ្រិក បានដាក់ពង្រាយទាហានចំនួន ៥០០នាក់ កាលពីថ្ងៃអាទិត្យ ដើម្បីជួយប្រយុទ្ធនឹងភ្លើង ដែលបានឆេះឧទ្យានជាតិ ដ៏ធំល្វឹងល្វើយ ដែលស្មើនឹង ១ភាគបី នៃតំបន់ព្រៃអភិរក្សដ៏ធំបំផុតមួយ របស់ទ្វីបនេះ។

ឧទ្យាន នៅភាគខាងជើង នៃប្រទេសវាលខ្សាច់ ភាគច្រើន ជាជម្រកនៃថនិកសត្វ ចំនួន១១៤ប្រភេទ ជាពិសេស គឺសត្វ «រមាសខ្មៅ» ដែលជិតផុតពូជ និង ជាកន្លែងទាក់ទាញទេសចរណ៍ ដ៏សំខាន់មួយ។

ក្រសួងបរិស្ថាន ថា ភ្លើងបានចាប់ផ្តើមឆេះ កាលពីថ្ងៃទី២២ ខែកញ្ញា ហើយបានរីករាលដាល យ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង និង រុក្ខជាតិស្ងួត បណ្តាលឱ្យខូចខាតបរិស្ថាន យ៉ាងទូលំទូលាយ។

ក្រសួងទេសចរណ៍ បានប្រកាសថា ខ្លួនបានបិទផ្លូវទេសចរណ៍មួយចំនួន និង បានព្រមានភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះទិសដៅខ្យល់អាចប្រែប្រួល ដែលមិនអាចទាយទុកជាមុនបាន។

ប្រធានាធិបតី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានដាក់ពង្រាយទាហាន ៥០០នាក់ និង ឧទ្ធម្ភាគចក្រ ពីរគ្រឿង ទៅកាន់តំបន់នោះ កាលពីថ្ងៃអាទិត្យ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ។ មិនទាន់មានរបាយការណ៍ ពីការងាប់សត្វព្រៃ ឬ ស្លាប់មនុស្សទេ ខណៈដែល ភ្លើងបានរាលដាលដល់តំបន់សហគមន៍មួយចំនួន។

ឧទ្យានជាតិ អះអាងថា ការខូចខាតខាងអេកូឡូស៊ីនៅខាងក្នុង គឺទូលំទូលាយ ជាមួយនឹងការប៉ាន់ប្រមាណ ជាង៧៧ម៉ឺន៥ពាន់ហិកតា ឬ ប្រហែល ៣៤ភាគរយ នៃឧទ្យាននេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner