កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជា បានឆ្លងកាត់សង្គ្រាម ៣ទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ០២៥ ។

ប្រមុខការទូតរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជា បានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដូចកម្ពុជា បានធ្វើ នៅក្នុងការបញ្ចូនកងកម្លាំងថែរក្សាសន្តិភាព ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានបញ្ជាក់ជាសារជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្ម ចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀបខ្លួនជាស្រេច ក្នុងការចូលរួម ក្នុងបេសកកម្មណាមួយ ដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែក ដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តម ដែលអំពាវនាវឱ្យភាគីទាំងសងខាង ឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការ បន្ត ប្រឹងប្រែងជួយក្នុងកិច្ចការនេះ។

ឯកឧត្តម ប្រាក់ សុខុន បានរំលេចថា កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាព តានតឹង កសាងទំនុកចិត្តឡើងវិញ និងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡើងវិញ ៕

ដោយ ៖ សួង ពិសដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner