លោក ពូទីន បញ្ជាកោះហៅបុរសចូលបំពេញកាតព្វកិច្ចយោធាដ៏ធំបំផុតមិនធ្លាប់មាន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យកោះហៅបុរសពេញវ័យចំនួន ១៣៥,០០០នាក់ឱ្យចូលបំពេញកាតព្វយោធា ជាផ្នែកនៃការជំរុញបង្កើនកម្លាំងទ័ពនៅរដូវស្លឹកឈើជ្រុះធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៦។

នៅក្នុងក្រិត្យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី ពូទីន បានបញ្ជាឱ្យកោះហៅបុរសពេញវ័យចំនួន ១៣៥,០០០នាក់ មានអាយុចាប់ពី ១៨ ដល់ ៣០ឆ្នាំ ដែលភាគច្រើនបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ ចូលបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ពលទាហានទាំងនោះ ត្រូវបានរំពឹងថា នឹងបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែមិនមែនជាការហាត់សមត្រៀមខ្លួនចូលរួមប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ទោះបីជាមានសេចក្តីរាយការណ៍ថា មានទាហានត្រូវបានបញ្ជូនទៅកាន់សមរភូមិជួរមុខក៏ដោយ។

ប្រភពបានឱ្យដឹងទៀតថា យុទ្ធនាការកោះហៅបុរសពេញវ័យចូលបំពេញកាតព្វកិច្ចយោធាប្រចាំឆ្នាំនេះដែរ មិនជាប់ទាក់ទងនឹងការចល័តកងទ័ព ឬក៏បង្វឹកពួកគេ ដើម្បីត្រៀមខ្លួនប្រយុទ្ធក្នុងសម័យសង្គ្រាមនោះទេ។ យ៉ាងណាមិញ ទាហានដែលបានបញ្ចប់ការហ្វឹកហ្វឺនយោធា ទំនងជាត្រូវបានកែនទ័ពទៅប្រយុទ្ធ បើសិនជាតិមានតម្រូវការនៅពេលអនាគត។

ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ លោកប្រធានាធិបតី ពូទីន បានដាក់រុស្ស៊ីឱ្យដើរលើមាគ៌ាសង្រ្គាម ជាមួយនឹងការបង្កើនការចំណាយលើវិស័យយោធាដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីសម័យសូវៀត ពិសេសការពង្រីកទំហំកងទ័ព។ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ ២០២៤ លោកប្រធានាធិបតី ពូទីន បានបញ្ជាឱ្យបង្កើនកងទ័ពសកម្មរហូតដល់ ១,៥លាននាក់ ដែលនេះជាចំនួនច្រើនបំផុតមួយនៅក្នុងពិភពលោក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner