ឥណ្ឌាថ្លឹងថ្លែងទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទុកការពារដែនអាកាស
ញូវដែលី ៖ ប្រទេសឥណ្ឌាកំពុងពិចារណាទិញប្រព័ន្ធមីស៊ីលបាញ់ដីទៅលើអាកាស S-400 Triumf បន្ថែម ឬប្រព័ន្ធបាញ់មីស៊ីល S-500 Prometei ជំនាន់ក្រោយផលិតដោយរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មាន ThePrint បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលឥណ្ឌា។
មូលហេតុដែលឥណ្ឌាពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីថែមទៀតនេះ គឺដោយសារតែមើលឃើញពីប្រសិទ្ធភាពខ្ពស់របស់ពួកវា អំឡុងពេលប្រតិបត្តិការ Sindoor ប្រឆាំងនឹងគោលដៅភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន កាលពីខែឧសភា ឆ្នាំ ២០២៥កន្លងមកនេះ។
ប្រភពមួយបានបញ្ជាក់ថា S-400 ដំណើរការបានយ៉ាងល្អ នៅក្នុងប្រតិបត្តិការ Sindoor ហើយមានសមត្ថភាពទប់ស្កាត់ និង អាចបង្កមហន្តរាយយ៉ាងធំធេង។ ដូច្នេះហើយ ទើបឥណ្ឌាកំពុងថ្លឹងថ្លែងលើជម្រើសទិញប្រព័ន្ធការពារដែនអាកាស S-400 បន្ថែម ឬ S-500។
ឥណ្ឌាបានស៊ីញ៉េលើកិច្ចព្រមព្រៀងមានតម្លៃ ៥.៤៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៥គ្រឿង។ ឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធ S-400 ដំបូងនៅរដ្ឋ Punjab ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។
គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានទទួលប្រព័ន្ធមីស៊ីល S-400 មួយចំនួនពីរុស្ស៊ីរួចហើយ ហើយរំពឹងថា នឹងទទួលបានប្រព័ន្ធមីស៊ីលចំនួនពីរគ្រឿងថែមទៀតដែលនៅសល់ក្នុងរយៈពេល ១២ខែខាងមុខ៕
ប្រភព ៖ TASS ប្រែសម្រួល ៖ ឈឹម ទីណា

