អភិបាលខេត្តចំនួនពីររួមគ្នាអញ្ជើញចុះសួរសុខទុក្ខភរិយាយោធិនជួរមុខម្នាក់និងស្ត្រីកូនភ្លោះ ៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
កំពង់ចាម៖អាចនិយាយបានថា ជាលើកដំបូងអភិបាលខេត្តជាប់គ្នាចំនួនពីរ គឺឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីក្រុមការងារកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី អាយុ ២៥ ឆ្នាំ ជាភរិយាវីរកងទ័ព ជួរមុខទិសប្រាសាទតាក្របី និងគ្រួសារមានកូនភ្លោះបីនាក់ មកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ក្នុងឱកាសជួបផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែល តែងតែបានណែនាំឱ្យក្រុមការងារ ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេសការគាំពារ សុខភាពមាតា ទារក និងកុមារដោយមិនរើសអើង។
គួររំលឹកថា អ្នកស្រី ចាន់ រ៉ាឌី ជាភរិយាវីរយោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី។ អ្នកស្រីបាន ស្នាក់នៅផ្ទះម្តាយបង្កើតនៅភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។អ្នកស្រីបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែកញ្ញាដោយមន្ទីរពេទ្យទទួលបន្ទុកទាំងស្រុង។
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនអ្នកស្រី ចាន់ រ៉ាឌី រួមមាន ម្សៅ ទឹកដោះគោ សម្ភារៈមាតា ខោអាវទារក ឃីតស្ត្រីមួយឈុត , ផ្លែឈើស្រស់ពីរកន្ត្រក និងថវិកា ចំនួន ១,៥លានរៀល ។ចំណែកស្ត្រីសម្រាលបានកូនភ្លោះ៣នាក់ ទទួលបានថវិកា ២លានរៀល៕
ដោយ៖លីពៅ






