ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារបង្កើតឡើងនៅកម្ពុជា ជាការបញ្ជ្រាបចលនាអូឡាំពិកដែលធ្វើឱ្យកុមារស្គាល់វិន័យ
(ភ្នំពេញ)៖ កម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូងនៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំកកម្ពុជានេះ ក្នុងគោលដៅគោរពនូវគោលការណ៍ចលនាអូឡាំពិកអន្តរជាតិដែលកំពុងជំរុញឱ្យអូឡាំពិកប្រទេសនីមួយៗធ្វើការផ្សព្វផ្សាយនិងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍អូឡាំពិកកុមារ ដែលកម្ពុជាយើងបង្កើតឡើងជាលើកដំបូងនេះ មានគោលដៅបញ្ជ្រាបបំផុសចលនាកីឡាអូឡាំពិកដល់កុមារ ដែលជាផ្នែកមួយជួយជំរុញឱ្យកុមារមានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែងដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។មានន័យថា កុមារយល់ដឹងពីគុណតម្លៃទាំងអស់នេះ កុមារមានគុណតម្លៃចេះគោរពនៅក្នុងសង្គមបានល្អ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារនេះ គឺជាផ្នែកមួយដែលនិងចូលរួមបណ្តុះផ្នត់គំនិតសម្រាប់កុមារពីក្មេងទៅ ដែលជាគោលដៅចម្បងរបស់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញឱ្យចលនាកីឡាអូឡាំពិកកុមារក្លាយជាសារសំខាន់សម្រាប់ជាតិចាប់ពីឆ្នាំ២០២៦ខាងមុខនេះតទៅ។ ហើយយុទ្ធនាការមួយនេះគឺជាការបញ្ជា្របគុណតម្លៃអូឡាំពិកពីកុមារភាពទៅ ពោលកុមារដែលឈ្នះពាននិងជំរុញឆន្ទៈឱ្យពួកគាត់មានមហិច្ឆិតាឈានទៅដល់ការឈ្នះមេដាយអូឡាំពិកនៅពេលអនាគត។
លោកស្រី ខៀវ វរះច័ន្ទ នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានលើកឡើងដែរព្រឹត្តិការណ៍នេះមិនមែនជាការប្រកួតសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍវ័យ កុមារតាមរយៈការធ្វើចលនា ការលេង និងការចូលរួមក្នុងសង្គម។ ហើយវាក៏ជាជំហានដំបូងដ៏សំខាន់ក្នុងការបង្កើតកម្មវិធី ដែលនាំមកនូវសុខ ភាពល្អសម្រាប់កុមារកម្ពុជាផងដែរ។
លោកស្រី ជឿជាក់ថា សុខភាព និងសុខុមាលភាពល្អ ចាប់ផ្តើមពីវ័យកុមារទៅ តាមរយៈការចាប់យកទម្លាប់ល្អៗ ដូច ជាការលេងកីឡានេះជាដើម។ ការគាំទ្រព្រឹត្តិការណ៍កុមារអូឡាំពិកនេះ ស្របតាមបេសកកម្មរបស់យើងខ្ញុំក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់ នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ដូច្នេះ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះវិញ ការចូលរួមក្នុងបេសកកម្មសង្គមដ៏មានតម្លៃមួយ ក្នុងការអភិវឌ្ឍសុខភាពកុមារតាំងពីវ័យក្មេង ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើត សង្គមមួយដែលប្រកបដោយសុខភាពល្អនាពេលអនាគត ការគាំទ្រព្រឹត្តិការណ៍នេះមិនមែនជាការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញឲ្យចូលរួមការចុះឈ្មោះបានបើកចាប់ពីថ្ងៃនេះតទៅ! សូមកុំភ្លេចប្រើប្រាស់ឱកាសពិសេសនេះ ដើម្បីទទួលបានតម្លៃ Early Bird សម្រាប់ការចូលរួម តាមរយៈម្ចាស់ឧបត្ថម្ភដូចជា អេ អាយ អេ ខេមបូឌា ក៏ដូចជាម្ចាស់ឧបត្ថម្ភផ្សេងទៀតផងដែរ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








