សន្និបាត អាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
(ព្រៃវែង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងអង្គសន្និបាតអាណត្តិទី៦នេះ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ដែលមានសមាសភាព ១៥នាក់ (ស្រី១នាក់) ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម សួន សុមាលីន ជាប្រធាន, ឯកឧត្តម សុខ ផេង ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ជឹម សុខ ជាអនុប្រធាន, ឯកឧត្តម ហ៊ី ធួក ជាអនុប្រធាន, លោក វ៉ាន់ សុភាព ជាហេរញ្ញឹក, លោក លី សិទ្ធី ជាលេខាធិការ និងសមាជិក សមាជិកា ចំនួន៩នាក់ទៀត ។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦
បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្ដិទី៦ រួច លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១៣ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាខេត្តព្រៃវែងទាំងអស់ សរុបចំនួន ៦២នាក់។
ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន
បន្ថែមពីនេះ លោកជំទាវ ពុំ ចន្ទីនី បានគូសបញ្ជាក់ថា ៖ កាកបាទក្រហមកម្ពុជា ជាសមាគមឯករាជ្យ តែស្ថិតក្រោមច្បាប់រដ្ឋាភិបាលកម្ពុជា គឺមានតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណ:លើវិស័យមនុស្សធម៌ ។ ដូច្នេះត្រូវពង្រឹងពង្រីកសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាឌីជីថលដល់មន្ត្រីកាកបាទក្រហមកម្ពុជា ដើម្បីដើរស្របជាមួយគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់មូលធនមនុស្សក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ក្នុងការទទួល និងផ្តល់ព័ត៌មាន ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធិខ្ពស់ ពិសេសរក្សាបានកិត្តិនាមជាសមាគមជាតិនាំមុខគេលើវិស័យមនុស្សធម៌ក្នុងប្រទេសកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ







