សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ៖ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ។

សម្តេចធិបតី លើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់ កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ ។

ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ផ្តល់បទពិសោធន៍ សម្រាប់មនុស្សជំនាន់ក្រោយ ដោយរាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១ – ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។

២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិ នានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិខួប លើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឱ្យបានអធិកអធម។

៣- រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគុណប្រយោជន៍របស់មនុស្សវ័យចាស់។

៤- រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញនិងពង្រឹងសមាគមមនុស្សចាស់ នៅតាមសហគមន៍ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ។

៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាល ជាមួយមនុស្សវ័យចាស់ ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា ជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

៦- ក្រសួងសុខាភិបាល ត្រូវចុះសំណេះសំណាល ជាមួយមនុស្ស វ័យចាស់ ដើម្បីណែនាំអំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

៧- ក្រសួងអប់រំ ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ ។

៨- ក្រសួងធម្មការ ត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជន ដល់មនុស្សវ័យចាស់ ។

៩- ក្រសួងព័ត៌មាន ត្រូវណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ។

១០. លើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បង្កើតមជ្ឈមណ្ឌលមនុស្សចាស់។

១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដាពាក្យស្លោក នៅតាមអង្គភាព និង ទីសាធារណៈ តាមខ្លឹមសារដូចដែលមានក្នុងសារាចរ។

១២- ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវធ្វើការណែនាំអនុវត្ត តាមសារាចរនេះ និងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner