មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)ថែទាំសត្វអណ្តើកទឹក និងអណ្តើកគោកជាងមួយពាន់ក្បាល ក្នុងនេះមានទាំងបង្កាត់ពូជ និងការលែងទៅកាន់ជម្រកធម្មជាតិវិញ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានកំពុងធ្វើការបង្កាត់ពូជអណ្តើកច្រើនប្រភេទ ដែលមានយ៉ាងហោចណាស់មួយពាន់ក្បាលដែលក្នុងនេះក្រៅពីការបង្កាត់ពូជ និងក៏ដូចជាការថែទាំសុខភាពដោយរួមមានទាំងការបញ្ចុះព្រូន និងការចាក់ថ្នាំបង្ការមេរោគផងដែរ ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថាបច្ចុប្បន្នមានសត្វ អណ្តើកគោក ច្រើនប្រភេទជាងមួយពាន់ក្បាល ដែលជាផ្នែកមួយនៃកម្មវិធីអភិរក្សបង្កាត់ពូជនៅមជ្ឈមណ្ឌលមួយនេះ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានលើកឡើងដែរថា៖”វាមិនមែនជាការងារសាមញ្ញនោះឡើយ ដោយគ្រាន់តែឱ្យពួកវាទទួលបានចំណីល្អគ្រប់គ្រាន់នោះ ប៉ុន្តែពួកយើងក៏ត្រូវការរៀបចំវិធីសាស្ត្រក្នុងការចិញ្ចឹមថែទាំជាប្រចាំយ៉ាងល្អផងដែរ។ សត្វអណ្តើកទាំងអស់ដែលស្ថិតនៅក្រោមផែនការថែទាំសុខភាពទូទៅ ដើម្បីរក្សាបាននូវសុខុមាលភាពរបស់ពួកវានៅក្នុងអំឡុងពេលពួកវារស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សរបស់យើង ដែលនឹងបង្កើនឱកាសនូវភាពជោគជ័យរបស់ពួកវានៅពេលដែលពួកវាត្រូវបានលែងទៅកាន់ជម្រកធម្មជាតិវិញ”។
ជាមួយគ្នានេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យបន្ថែមថានៅក្នុងមជ្ឈមណ្ឌលមួយកន្លែងនេះ គេអាចមើលឃើញសកម្មភាពនៃការចាក់ថ្នាំទម្លាក់ព្រូនជាលក្ខណទ្រុងទ្រាយធំមួយឱ្យសត្វអណ្តើកនានា ដោយសត្វអណ្តើកនីមួយៗត្រូវបានផ្តល់និងទទួលកម្រិតថ្នាំទម្លាក់ព្រូន ទៅតាមទម្ងន់ជាក់លាក់របស់ពួកវា។
ជាមួយគ្នាសម្រាប់ការងារទម្លាក់ព្រូននេះត្រូវបានធ្វើឡើងក្នុងមួយឆ្នាំពីរដងសម្រាប់សត្វអណ្តើកពេញវ័យ ដោយក្នុងពីរសប្តាហ៍ចាក់ពីរដូសដាច់ពីគ្នា (ចាក់ថ្នាំមួយដូសរួចហើយ រំលងបានពីរសប្តាហ៍ក្រោយមកទើបចាក់ថ្នាំមួយដូសបន្ថែមទៀត)។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងបន្ថែមថា៖”កូនអណ្តើករបស់ពួកយើងទទួលបានការព្យាបាលច្រើនជាងនេះទៅទៀត ដោយសារពួកវាងាយនឹងមានប៉ារ៉ាស៊ីត! ក្រុមអ្នកជំនាញរបស់ពួកយើងធានាថាការព្យាបាលប្រព្រឹត្តទៅដោយរលូន ហើយអណ្តើកក៏មានភាពតានតឹងតិចតួចក្នុងពេលដំណើរការចាក់ថ្នាំទម្លាក់ព្រូននេះផងដែរ”។
ក្រៅពីនេះប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោកជាច្រើនមានតម្រូវការជាក់លាក់ នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ ACCB បញ្ជាក់ថាបើគ្មានការរួមផ្សំត្រឹមត្រូវនៃសមាសធាតុទាំងនេះទេ អណ្តើកញីក៏វាមិនពង ហើយបើពង ស៊ុតក៏នឹងមិនញាស់ដែរ។ ប្រភេទសត្វនីមួយៗ មានតម្រូវការខុសៗគ្នា ដូច្នេះវាត្រូវការការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាប្រភេទនីមួយៗត្រូវបានផ្តល់នូវលក្ខខណ្ឌដ៏សមស្របជារៀងរាល់ឆ្នាំ៕
ដោយ ៖ ម៉ាដេប៉ូ






