ហូឡង់បញ្ជូនប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធប្រឆាំងយន្តហោះដ្រូនទៅជួយប៉ូឡូញ

ឡាអេ ៖ ហូឡង់មានផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot និង ប្រព័ន្ធកាំជ្រួចបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ NASAMS រួមទាំងប្រព័ន្ធប្រឆាំងយន្តហោះដ្រូនទៅជួយដល់ប្រទេសប៉ូឡូញ ចាប់ពីខែធ្នូចុងឆ្នាំនេះ ដើម្បីពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ ពិសេសការពារមជ្ឈមណ្ឌលដឹកជញ្ជូនសព្វាវុធដ៏សំខាន់ប្រើប្រាសគាំទ្រដល់អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយអំឡុងបំពេញទស្សនកិច្ចទីតាំងកងយន្តហោះ F-35 របស់ហូឡង់ប្រចាំប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារថា ព្រំដែនខាងកើតរបស់ណាតូ ក៏ជាព្រំដែនសន្តិសុខរបស់យើងដែរ ហើយយើងត្រៀមខ្លួនជាស្រេច ក្នុងការប្តេជ្ញាការពារព្រំដែននេះរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង។

កងយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ហូឡង់បានដំណើរការនៅក្នុងប្រទេសប៉ូឡូញចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី១ ខែធ្នូចុងឆ្នាំនេះ ជាផ្នែកនៃបេសកកម្មប៉ូលីសអាកាសរបស់អង្គការណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហូឡង់។ យន្តហោះ F-35 ទាំងនោះ ធ្លាប់បានចេញប្រតិបត្តិការជាច្រើនលើករួចមកហើយ រួមទាំងការចូលរួមដោយផ្ទាល់មួយ ដើម្បីប្រឆាំងនឹងយន្តហោះដ្រូន។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រមុខការពារជាតិហូឡង់បានចូលរួមក្នុងសន្និសិទសន្តិសុខនៅទីក្រុងវ៉ាសូវី ជាមួយសមភាគីអាល្លឺម៉ង់ និងអេស្តូនី ព្រមទាំងស្នងការអឺរ៉ុប ដើម្បីពិភាក្សាអំពីការគាំទ្រដល់អ៊ុយក្រែន ការពង្រឹងកម្លាំងអង្គការណាតូ និង ការបង្កើនផលិតកម្មឧស្សាហកម្មការពារជាតិ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner