រុស្ស៊ីគាំទ្រផែនការរបស់លោកត្រាំនៅហ្គាហ្សា

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្ហាញពីការគាំទ្រចំពោះផែនការសន្តិភាព របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃអង្គារ វិមានក្រឹមឡាំង បានបញ្ចេញប្រតិកម្ម ដោយសង្ឃឹមថា ផែនការសន្តិភាពហ្គាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបានអនុវត្ត និង អាចជួយជំរុញឱ្យមានសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានមានប្រសាសន៍ ក្នុងការសន្ទនា ជាមួយអ្នកសារព័ត៌មាន ថា រុស្ស៊ីតែងតែគាំទ្រ និងស្វាគមន៍រាល់ការខិតខំរបស់លោក ត្រាំ ដែលមានគោលបំណងបញ្ចប់សោកនាដកម្មដែលកំពុងកើតឡើងនៅពេលនេះ»។ លោកបន្ថែមថា «ជាការពិត យើងចង់ឱ្យផែនការនេះត្រូវបានអនុវត្ត និងជួយនាំឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាឈានទៅរកការបញ្ចប់ដោយសន្តិវិធី»។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ តែងតែឈរលើដំណោះស្រាយ បង្កើតរដ្ឋឯករាជ្យ ប៉ាឡេស្ទីន រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា ជាមួយអ៊ីស្រាអែល។ ទីក្រុងម៉ូស្គូបាននិយាយ ជាយូរមកហើយថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ នៅមជ្ឈិមបូព៌ា។ តែ ស្ស៊ីបានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា មេដឹកនាំអឺរ៉ុប និង មជ្ឈិមបូព៌ា ក៏បានប្រកាសស្វាគមន៍ផែនការសន្តិភាពថ្មី របស់អាមេរិក សម្រាប់តំបន់ហ្គាហ្សា ផងដែរ។ ផែនការនេះ តម្រូវឲ្យអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធាភ្លាមៗ ហើយ ក្នុងរយៈពេល ៧២ម៉ោង ក្រុមហាម៉ាស់ត្រូវតែដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល នៅរស់ ចំនួន២០នាក់ និង សាកសពចំណាប់ខ្មាំងដែលបានបាត់បង់ជីវិត ចំនួនជាង១០នាក់។ ក្រុម ហាម៉ាស់ ដែលបានឃើញផែនការ២០ចំណុច របស់សេតវិមាន នេះរួចរាល់ ត្រូវបានតម្រូវឲ្យលែងមានតួនាទី ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ហើយទុកទ្វារបើកចំហ សម្រាប់រដ្ឋប៉ាឡេស្ទីន នាពេលអនាគត៕

ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner