អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា អនុញាតឱ្យគ្រូជំនាញទូករ៉ូអ៊ីងជនជាតិអង់គ្លេសចូលជួបសំសម្តែងការគួរសម

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធ អនុប្រធានទី២សហព័នធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីងកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភិរៈ អនុប្រធាន និងឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ បានអនុញាតឱ្យលោក KEITH BROWN គ្រូបង្វឹកជំនាញបណ្តុះបណ្តាលទូករ៉ូអ៊ីងជនជាតិអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំ មណ្ឌលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៥។
ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ផ្សារភ្ជាប់ទំនាក់ទំនងដើម្បីចូលរួមធ្វើជាគ្រូបង្វឹកលើជំនាញកីឡាទូករ៉ូអ៊ីងសម្រាប់ក្រុមជម្រើសជាតិទូក។

នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ បានមានប្រសាសន៍ជម្រាបជូនទៅលោក KEITH BROWNគ្រូជំនាញបង្វឹកទូករ៉ូអ៊ីងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានទូកចំនួន៤ប្រភេទមានដូចជា ទូកកានូ ទូកកាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលបច្ចុប្បន្ន ប្រភេទទូកទាំងអស់កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិនានា ទាំងកម្រិតតំបន់ អាស៊ី និងពិភពលោក។ ដោយឡែក ទូករ៉ូអ៊ីងវិញ ក៏ជាទូកដែលមានតម្រូវការចាំបាច់ដែរក្នុងការបញ្ជូនទៅចូលរួមការប្រកួតកម្រិតអន្តរជាតិដើម្បីប្រជែងមេដាយមកជូនជាតិមាតុភូមិ។ ប៉ុន្តែបច្ចុប្បន្នកីឡាករយើងចំពោះបច្ចេកទេសនូវមានកម្រិតនៅឡើយ ដែលត្រូវការចាំបាច់មានគ្រូជំនាញមកពីអន្តរជាតិដើម្បីជួយផ្តល់ជូនបច្ចេកទេសឆ្ពោះឈានទៅរកគុណភាពប្រកួតប្រជែងកាន់តែខ្ពស់។ ដូច្នោះហើយ ការសុំចូលខ្លួនរបស់លោកKEITH BROWNគ្រូជំនាញបង្វឹកទូករ៉ូអ៊ីងមកជួយសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជានាពេលនេះ យើងនិងស្នើសុំឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដើម្បីធ្វើសំណើរស្នើសុំទៅកាន់ក្រសួងអប់រំយុវជននិងកីឡា ក្នុងការអនុញ្ញាតអោយនាំយកលោកKEITH BROWN មកធ្វើជាគ្រូបង្វឹកកីឡាករជម្រើសជាតិទូករ៉ូអ៊ីង។

ឯកឧត្តម អនុប្រធាន រំពឹងជឿជាក់ថា សំណើរស្នើសុំនេះ ក្រសួងអប់រំយុវជននិងកីឡានិងផ្តល់ឱកាសឱ្យលោកKEITH BROWNធ្វើជាគ្រូបណ្តុះបណ្តាលផ្នែកទូករ៉ូអ៊ីងជួយអភិវឌ្ឍន៍សមត្ថភាពក្រុមជម្រើសជាតិ។ជាមួយគ្នានេះ លោកKEITH BROWN គ្រូជំនាញបណ្តុះបណ្តាលទូករ៉ូអ៊ីង បានថ្លែងអំណរគុណ ចំពោះកិច្ចអន្តរាគមន៍របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ឱកាសឱ្យលោកអាចមាន ឱកាសមកធ្វើជាគ្រូបង្វឹកនៅសហព័ន្ធកីឡាទូកកានូ និងរ៉ុងអ៊ីងកម្ពុជា។ ព្រោះលោក មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលគួឱ្យស្រលាញ់ ។ លោក សង្ឈឹមជឿជាក់ថា លោកនឹងទទួលបានឱកាសពីក្រសួងអប់រំយុវជននិងកីឡាធ្វើជាគ្រូបង្វឹកផ្តល់នូវចំណេះជំនាញជួយអភិវឌ្ឍន៍កីឡាករកីឡាការិនីជម្រើសជាតិទូករ៉ូអ៊ីងកម្ពុជា។ លោកសន្យាថា ប្រសិនបើមានវត្តមានលោកក្លាយជាគ្រូបង្វឹក លោកនឹងខិតខំជួយកៀគរពីគ្រប់ភាគីពាក់ព័ន្ធមករួមចំណែកក្នុងការជួយដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា។

គួរឱ្យដឹងដែរថា លោកKEITH BROWN ជាគ្រូជំនាញបណ្តុះបណ្តាលផ្នែកទូករ៉ូអ៊ីងជាជនជាតិអង់គ្លេស បច្ចុប្បមានវ័យ៧០ឆ្នាំ ។ថ្មីៗនេះ លោកទើបតែបញ្ចប់កុងត្រាជាមួយចិនលើការបណ្តុះបណ្តាលទូករ៉ូអ៊ីង ។ការចង់មកជួយបង្វឹកដល់ប្រទេសកម្ពុជាដោយសារតែលោក ចង់រស់នៅកម្ពុជា ខណៈលោកមើលឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព និងមានភាពស្រស់ស្អាតនិងទាក់ទាញ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner