កម្ពុជា ពង្រឹង«ការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា»
(ភ្នំពេញ)៖ «ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា» គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបង្ក្រាបយេនឌ័រ (GMAGs) និង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) ជាច្រើននាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តម បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ រហូតដល់ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងហិរញ្ញប្បទានអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសងាយរងគ្រោះ នឹងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលផលប៉ះពាល់ទាំងនោះ បានកើតមានលើស្រ្តី ក្មេងស្រី និងសហគមន៍។ ផែនការជាតិ NDC 3.0 បានកំណត់យ៉ាងច្បាស់ពីសកម្មភាព និងសូចនាករ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% នៅឆ្នាំ២០៣៥ និង បានកំណត់យកសកម្មភាពអាទិភាព នៅក្នុងវិស័យចម្បងៗចំនួន ៦ រួមមាន វិស័យឧស្សាហកម្ម វិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំណល់ សំរាម ហើយនៅក្នុងវិស័យទាំងនោះ ក៏បានដាក់រួមបញ្ចូលបរិបទយេនឌ័រ (Gender) និងការចូលរួមពីក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហារួមគ្នាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានកំពុងបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋភាគី ដើម្បីពង្រឹងកិចច្ចសហប្រតិបត្តិការ ភាពជាដៃគូជាតិ និងអន្តរជាតិ ការចូលរួមពីវិស័យឯកជន និងរួមទាំងប្រទេសអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ « នោះយើងអាចប្រែក្លាយភាពងាយរងគ្រោះទៅជាកាលានុវឌ្ឍភាព ដោយធានាថា ប្រជាពលរដ្ឋរបស់យើងមិនត្រឹមតែអាចរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវភាពរីកចម្រើនរុងរឿងទៀតផង។ » ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ។
សូមបញ្ជាក់ថា កម្ពុជាទទួលបានការសាទរ និងការលើកទឹកចិត្តពីដៃគូអន្តរជាតិដោយចាត់ទុក NDC 3.0 របស់កម្ពុជាជាគំរូ និងមានសក្តានុពលសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតដកពិសោធន៍តាម។ NDC 3.0 បានបង្ហាញពីសកម្មភាពជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលកម្ពុជានឹងត្រូវលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដែលអាចកៀរគរ បង្កើតទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ឱ្យមានការចូលរួមដោះស្រាយបញ្ហាអាកាសធាតុសាកល៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា















