ក្រុមអ្នកជំនាញ ៖ ការដុតប្លាស្ទិក កំពុងតែគំរាមគំហែងដល់សុខភាពរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ការប្រមូលសំរាម និងការបោះចោលសំរាមនៅលើទីលានមិនទាន់មានការគ្រងគ្រងបានត្រឹមត្រូវនៅឡើយទេ សំរាប់ប្រទេសក្រីក្រនៅលើពិភពលោក។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ដោយសារតែការវាយលុកនៃបរិមាណប្លាស្ទិក ពិសេសវាមានតម្លៃថោក ក្នុងនោះរួមមានទាំងថង់ប្លាស្ទិកដែលប្រើតែមួយដង ដប និងខោទឹកនោមទារក ជាទូទៅត្រូវបានដុតនៅជិតផ្ទះរបស់ប្រជាជន។ ការដុតប្លាស្ទិចដោយនៅទីវាល គឺជាវិធីមួយដែលចំណាយតិច និងការកាត់បន្ថយបរិមាណកាកសំណល់ ប៉ុន្តែការអនុវត្តបែបនេះគឺបង្កហានិភ័យទៅលើសុខភាព និងបរិស្ថានយ៉ាងខ្លាំង ។
ការដុតថង់ប្លាស្ទិក បានបញ្ចេញផ្សែង និងជាតិពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព រួមមាន៖ ជំងឺផ្លូវដង្ហើម ជំងឺសរសៃឈាមបេះដូង ពិការភាពពីកំណើត និងជំងឺមហារីក ខណៈពេលដែលសារធាតុគីមីដែលមានផ្ទុកនៅក្នុងប្លាស្ទិកអាចបង្កការប៉ះពាល់ដល់ប្រព័ន្ធ endocrine ប្រព័ន្ធបន្តពូជ និងប្រព័ន្ធសរសៃប្រសាទ។
យោងតាមការសិក្សាដែលបានចុះផ្សាយកាលពីឆ្នាំ ២០២៤ បានបង្ហាញថាប្រហែល ៣០ លានតោននៃប្លាស្ទិកត្រូវបានដុតនៅតាមផ្ទះ ផ្លូវ និងលើទីលាននៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីអំឡុងពាក់កណ្តាលដើមខែមីនា ឆ្នាំ២០២៥នេះធ្លាប់បានថ្លែងប្រាប់ថា កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិក ៨៤ភាគរយ ដែលចំណុចនេះជាសញ្ញាណវិជ្ជមាន ដើម្បីឱ្យកម្ពុជាបោះជំហានទៅរកភាពស្អាតចីរភាព និងបៃតង។ការធ្វើស្ថិតិនេះគឺបានធ្វើការបើប្រៀបធៀបនៅឆ្នាំ២០២៣ និង២០២៤ គឺកាត់បន្ថយ៨៤ភាគរយហើយ។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានបញ្ជាក់ឱ្យដឹងដែរថាក្រោមយុទ្ធនាការមិនប្រើប្រាស់ថង់បា្លស្ទិក ពលរដ្ឋ សិស្សានុសិស្ស ពួកគាត់ឈប់ប្រើប្រាស់ថង់ប្លាស្ទិក គឺដើម្បីអនាគតក្រុមគ្រួសាររបស់ពួកគាត់ និងប្រទេសស្អាត គ្មានការបំពុលបរិស្ថាន និងការរស់នៅប្រកបដោយអនាម័យស្អាត។ទាំងនេះដែរគឺជាចំណុច នៃការចាប់ផ្តើមនៃភាពស្អាតរបស់កម្ពុជា ឈានឆ្ពោះទៅភាពស្អាតដោយចីរភាពរយៈពេលវែង។
ជាមួយការលើកឡើងបែបនេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវ ដល់បណ្តាអ្នកវិនិយោគទាំងអស់ ត្រូវរួមគ្នាគិតគូរលើការវិនិយោគបៃតង ពីព្រោះការមិនវិនិយោគបៃតងនោះទេ នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុជាសកល។
គួរបញ្ជាក់ថា តាមរបាយការណ៍កន្លងមកបានបង្ហាញថាទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨,៣ពាន់លានតោន ស្មើនឹងទម្ងន់ដំរី ១ពាន់លានក្បាល នៅឆ្នាំ២០១៥ ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ៩១%ទៀត ត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណប្រហែលជាជាង ៤០០លានតោន។
ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទដូចជា៖ ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយសារតែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែ ប្លាស្ទិកទាំងនេះបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។
តាមការប៉ាន់បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ពាន់លានតោន ក្នុងឆ្នាំ២០១៥ រហូតដល់ ១២ពាន់លានតោនក្នុងឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ៕
ដោយ ៖ ម៉ាដេប៉ូ

