ព្យុះទីហ្វុង Bualoi ដុតលុយវៀតណាមអស់ ៣០០ លានដុល្លារ
ហាណូយ ៖ ព្យុះទីហ្វុង Bualoi បានបង្កការខូចខាតទ្រព្យសម្បត្តិនៅក្នុងប្រទេសវៀតណាមប្រមាណ ៣០៣លានដុល្លារក្នុងសប្តាហ៍នេះ ខណៈលំនៅដ្ឋានប្រជាជនជិត ១៧០,០០០ខ្នងត្រូវរងផលប៉ះពាល់ ឬជន់លិចដោយសារទឹកជំនន់ នេះបើយោងតាមការវាយតម្លៃបឋម កាលពីថ្ងៃពុធ។
ព្យុះទីហ្វុង Bualoi កាលពីថ្ងៃចន្ទ បានវាយប្រហារភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ដោយពាំនាំមកនូវភ្ញៀវធ្លាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង ឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ២៩នាក់ និង ២២នាក់ផ្សេងទៀតបាត់ខ្លួន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម។
បន្ថែមលើនេះ ព្យុះទីហ្វុង Bualoi ក៏បានបំផ្លិចបំផ្លាញផ្លូវថ្នល់ សាលារៀន និងអគារការិយាល័យយ៉ាងធ្ងន់ធ្ងរ ព្រមទាំងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់អគ្គិសនី ដែលនាំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ខណៈដំណាំស្រូវជាង ៣៤,០០០ហិកតា និងដំណាំផ្សេងទៀតក៏ត្រូវបានបំផ្លាញផងដែរ។
ព្យុះទីហ្វុង Bualoi ទៀតសោត ក៏បានបង្កឲ្យមានទឹកជំនន់នៅទូទាំងភាគខាងជើងនៃប្រទេសវៀតណាម រំខានដល់ជើងហោះហើរ និងសេវារថភ្លើងជាមួយរដ្ឋធានីហាណូយ ជាកន្លែងដែលសាលារៀនត្រូវបានបិទ និងផ្ទះជាច្រើនខ្នងត្រូវជន់លិចដោយទឹកជំនន់។
គួរកត់សម្គាល់ វៀតណាមជាប្រទេសមួយដែលងាយនឹងទទួលរងឥទ្ធិពលពីព្យុះទីហ្វុងសាហាវៗ ហើយតែងតែមានមនុស្សស្លាប់។ តួយ៉ាង កាលពីឆ្នាំ២០២៤ ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចគិតទឹកប្រាក់ប្រមាណ ៣.៣ពាន់លានដុល្លារនៅទូទាំងភាគខាងជើងនៃប្រទេសវៀតណាម៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា




