ជនជាតិរ៉ូហ៊ីងយ៉ាចោទសួររកយុត្តិធម៌នៅមហាសន្និបាត UN ខណៈអំពើហិង្សាបន្តកើតមាននៅមីយ៉ាន់ម៉ា

អ.ស.ប ៖ តំណាងក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា បានឡើងទៅចោទសួរ ដោយផ្ទាល់ នៅមហាសន្និបាត អង្គការសហប្រជាជាតិ ហៅកាត់ UN អំពីយុត្តិធម៌ ចំពេលដែលអំពើហិង្សាបន្តកើតមាន ព្រមជាមួយនឹងការកាត់ផ្តាច់ជំនួយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Aljazeera លោក Maung Sawyeddollah ស្ថាបនិកបណ្តាញនិស្សិតរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថា នៅសន្និសីទមហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ ខែកញ្ញា ថា «យើងកំពុងស្វែងរកការយកចិត្តទុកដាក់ ចំពោះការឈឺចាប់ របស់ជនជាតិភាគតិចមូស្លីមទាំងនេះ ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងរដ្ឋរ៉ាឃីន។

លោក Maung Sawyeddollah បញ្ជាក់ថា សារនេះគឺសម្រាប់មេដឹកនាំពិភពលោក និងអង្គការសហប្រជាជាតិ ដោយចង់បង្ហាញថា រយៈពេលជាង ៨ឆ្នាំហើយ ចាប់តាំងពីការប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាត្រូវបានលាតត្រដាងមក តើយុត្តិធម៌សម្រាប់ជនជាតិ រ៉ូហ៊ីងយ៉ា នៅឯណា?

បន្ទាប់មក លោកបានកាន់រូបថតសាកសពមនុស្ស ជាច្រើននាក់ ដែលដេកស្លាប់នៅក្នុងទន្លេមួយ ដែលលោកបាននិយាយថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ពីក្រុមឧទ្ទាម Arakan Army នៅក្នុងខែសីហា ឆ្នាំ២០២៤។

និស្សិតដែលបានចំណាយពេល ៧ឆ្នាំ នៅក្នុងជំរុំជនភៀសខ្លួន Cox’s Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស បាននិយាយថា «ទាំងនេះមិនមែនជាករណី ដាច់ដោយឡែក នោះទេ ហេតុអ្វីបានជាមិនមានការទប់ស្កាត់អំពើឃោរឃៅអមនុស្សធម៌ ទាំងនេះ?

លោកស្រី Wai Wai Nu នាយកប្រតិបត្តិ នៃបណ្តាញសន្តិភាពស្ត្រី-មីយ៉ាន់ម៉ា ដែលបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរបស់ UN ផងដែរ បានប្រាប់កាសែត Al Jazeera ថា ព្រឹត្តិការណ៍នេះគឺជា «ពេលវេលាប្រវត្តិសាស្ត្រ» ដែលលោកស្រីសង្ឃឹមថា នឹងទាក់ទាញការយកចិត្តទុកដាក់ ត្រឡប់ដូចដើមវិញ អំពីបញ្ហារបស់រ៉ូហ៊ីងយ៉ា»។ លោកស្រី ថា បានប្រើសុន្ទរកថា ដើម្បីគូសបញ្ជាក់ពីអាទិភាពសំខាន់ៗមួយរួមទាំងជំនួយមនុស្សធម៌ ដែលត្រូវបានរារាំង មិនឱ្យនាំទៅកាន់រដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ជាទីកន្លែងដែលសហគមន៍រ៉ូហ៊ីងយ៉ា កំពុងស្ថិតនៅ។ លោកស្រីបញ្ជាក់ថា «យើងត្រូវការសង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន»។

លោក Earle Courtenay Rattray តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំនៃ រដ្ឋសមាជិកអង្គការសហប្រជាជាតិថា «ការកាត់បន្ថយជំនួយយ៉ាងច្រើន» បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ទាំងជាង១លាននាក ដែលបានភៀសខ្លួន។ លោក Rattray បាននិយាយ ថា ក្នុងរយៈពេល១៨ ខែកន្លងមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា ១៥ម៉ឺននាក់បានភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដែស៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner