តៃវ៉ាន់ថា មិនព្រមផលិតបន្ទះឈីប ៥០% លើទឹកដីអាមេរិកឡើយ

តៃប៉ិ ៖ លោកស្រី Cheng Li-chiun ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ បានអះអាង នៅថ្ងៃទី១ ខែតុលានេះ ថា រដ្ឋាភិបាលទីក្រុងតៃប៉ិមិនយល់ព្រម ផលិតបន្ទះឈីប ៥០% ក្នុងទឹកដីអាមេរិក តាមការចង់បាន របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នោះទេ។

ការច្រានចោលនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា លោកបានស្នើទៅតៃវ៉ាន់ នូវការបែងចែក 50-50 នៅក្នុងការផលិតបន្ទះឈីប semiconductors ដោយលោកអះអាងថា ការណ៍នេះនឹងធានាថា «យើងមានសមត្ថភាពធ្វើអ្វីដែលយើងត្រូវធ្វើ ប្រសិនបើយើងត្រូវការធ្វើបន្ទះឈីប»។

យ៉ាងណាមិញ អ្នកចរចាពន្ធគយនាំមុខរបស់កោះតៃវ៉ាន់ លោកស្រី Cheng Li-chiun បានចេញមកប្រកាសថា តៃវ៉ាន់មិនធ្វើតាមនោះទេ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធ លើទីក្រុងតៃប៉ិ ឱ្យផលិតបន្ទះសៀគ្វី បន្ថែមទៀត នៅលើដីសហរដ្ឋអាមេរិក ក៏ដោយ។

លោកស្រី Cheng បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតៃប៉ិថា ថា នេះគឺជាគំនិតតែឯកឯង របស់សហរដ្ឋអាមេរិក ហើយ ក្រុមចរចារបស់យើង មិនដែលធ្វើការប្តេជ្ញាចិត្ត 50-50 លើបន្ទះឈីប បែបនេះទេ។

ការបដិសេធនេះ បានធ្វើឡើង ចំពេលដែលរដ្ឋបាលរបស់លោក ប្រធានាធិបតី Donald Trump បានដាក់ពន្ធបណ្តោះអាសន្ន ចំនួន ២០ ភាគរយ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ក្រុមហ៊ុនផលិតបន្ទះឈីប របស់កោះនេះ ដោយគេដឹងថា ច្រើនជាង ៧០ ភាគរយ នៃការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិក គឺជាបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ដែលរួមមាន ទាំងបន្ទះឈីប។ គួរបញ្ជាក់ដែរថា តៃវ៉ាន់គឺជាអ្នកផលិតជាងពាក់កណ្តាល នៃ semiconductors ប្រើប្រាស់សរុប របស់ពិភពលោក ជាមួយនឹងគុណភាពខ្ពស់ ភាគច្រើន។

ជុំវិញរឿងពន្ធគយ លោកស្រី ឧបនាយករដ្ឋមន្ត្រី Cheng ដែលទើបតែត្រលប់ មកពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការចរចាអំពីពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចេញរបស់តៃវ៉ាន់ បានធ្វើឱ្យមានការរីកចម្រើនខ្លះៗ តែ តៃវ៉ាន់កំពុងតស៊ូ ដើម្បីសម្រេចកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន។ ដើម្បីជៀសវាងពន្ធនេះ តៃប៉ិ បានសន្យាថា នឹងបង្កើនការវិនិយោគ នៅក្នុងសហរដ្ឋអាមេរិក ទិញថាមពលរបស់អាមេរិក បន្ថែមទៀត និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ដល់ជាងបីភាគរយ នៃផលិតផលក្នុងស្រុកសរុប៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner