ក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ ផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដី នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ សំដៅជំរុញកសាងការឯកភាព រវាងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង ១១៤ភូមិ ជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា ។

ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ក្នុងខេត្តសៀមរាប ដោយកំណត់អោយបានច្បាស់លាស់អំពីតំបន់លំនៅដ្ឋាន តំបន់បេតិកភណ្ឌ និងដីសម្រាប់ប្រើប្រាស់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នេះជាកិច្ចការសំខាន់ពីព្រោះនាពេលខាងមុខ យើងនឹងយកប្លង់គោលនៃការប្រើប្រាស់ដីនេះ ជាគោលក្នុងការរៀបចំថវិកាសម្រាប់អភិវឌ្ឍន៍តំបន់នេះទាំងមូល និងបានស្នើដល់សមាជិកអង្គប្រជុំឲ្យគិតគូរឲ្យបានហ្ម៉ត់ចត់ និងវែងឆ្ងាយ ដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដី នៅតំបន់បេតិកភណ្ឌពិភពលោកអង្គរនេះឲ្យបានត្រឹមត្រូវ សមស្របតាមស្ថានភាពជាក់ស្ដែង ចៀសវាងកើតមាននូវបញ្ហាផ្សេងៗនាពេលក្រោយ ។

តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងការកំណត់ការចុះទៅបញ្ជាក់ប្លង់គោលនៃការប្រើប្រាស់ដី ដើម្បីកសាងការឯកភាព រវាងប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុង ១១៤ភូមិ ជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner