គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណា​​ចក្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័ត​របៀបវារៈមួយចំនួន។

ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល មកប្រគល់​ជូន​គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៥នោះមាន៖

១–សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្តិភាពម្ហូបអាហារអាស៊ាន។

២–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។

៣–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ 

៤–សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–អូស្រ្តាលី–នូវែលសេឡង់។

៥–សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕

ដោយ៖ពលជ័យ

រូបភាព៖រដ្ឋសភា

ads banner