អភិបាលខេត្តព្រៃវែងអំពាវនាវដល់ពលរដ្ឋចូលរួមសម្អាតបរិស្ថាន
ព្រៃវែង៖ខណៈរដ្ឋបាលខេត្តព្រៃវែងកំណត់យករៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍ធ្វើពលកម្មសម្អាតបរិស្ថាន ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។

ឯកឧត្តមអភិបាលខេត្តព្រៃវែងបានអំពាវនាវយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីបើកយុទ្ធនាការសម្អាតអនាម័យបរិស្ថាន។យុទ្ធនាការនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មន្ត្រីរាជការ និងសិស្សានុសិស្សក្នុងក្រុងព្រៃវែងប្រមាណ ២.៥០០នាក់ ដែលធ្វើនៅមុខសាលាខេត្តព្រៃវែង។

ទាក់ទងនឹងយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ថាធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ឯកឧត្តមបន្តថា ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា យុទ្ធនាការសំអាតអនាម័យបរិស្ថាននេះគឺធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្តាហ៍ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈស្ថាប័នរបស់ខ្លួន គ្រប់តាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែងឱ្យមានសោភណភាពស្រស់ស្អាតអនាម័យល្អ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ៕
ដោយ៖នុត នាង



