រដ្ឋ៤នៅអឺរ៉ុប ព្រមព្រៀងជាមួយឥណ្ឌាលើកលែងពន្ធដែលធ្លាប់យកជិត ៩០% កន្លងមក

ញូវដែលី ៖ ស្រា និងសូកូឡាស្វីស នឹងដាក់លក់ក្នុងតម្លៃថោកជាងទំនិញដទៃទៀតលើទីផ្សារប្រទេសឥណ្ឌា បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលឥណ្ឌាបានចុះហត្ថលេខាជាមួយនឹងសមាជិកអឺរ៉ុបចំនួន ៤ប្រទេស បានចូលជាធរមានចាប់ពីថ្ងៃពុធទី១ ខែតុលា ឆ្នាំ២០២៥តទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហៅកាត់ (TEPA) ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ហៅកាត់ (EFTA) ដែលរួមមានប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលិចតិនស្តាញ ចាប់តាំងពីខែមីនា ឆ្នាំ ២០២៤មកម្ល៉េះ។

នៅក្រោមកិច្ចព្រមព្រៀងទាំងនោះ ឥណ្ឌានឹងកាត់បន្ថយការយកពន្ធពី៨០ទៅ៨៥ភាគរយមកជាសូន្យភាគរយវិញ ទៅលើមុខទំនិញទាំងអស់ដែលនឹងនាំចូលមកពីប្រទេសហត្ថលេខីទាំងបួន។

រីឯអ្នកនាំចេញឥណ្ឌាវិញ នឹងទទួលបានការលើកលែងពន្ធរហូតដល់ ៩៩ភាគរយនៃមុខទំនិញទាំងអស់ ដែលនាំចូលទៅក្នុងទីផ្សារសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

ទន្ទឹមគ្នានេះ ភាគីទាំងពីរថែមទាំងបានប្តេជ្ញាចិត្តបង្កើនការបោះទុនវិនិយោគរហូតដល់ ១០០ពាន់លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់រាប់រយកន្លែងក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងខាងលើនេះ។

សូមរម្លឹកផងដែរថា កាលពីខែកក្កដា ឥណ្ឌាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចក្រភពអង់គ្លេសផងដែរ ហើយវានឹងចូលជាធរមាននៅឆ្នាំ ២០២៦ ហើយឥណ្ឌាក៏កំពុងស្ថិតក្នុងដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប។

ក្រុមហ៊ុនអឺរ៉ុបប្រហែល ៦,០០០ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា។ ប្រទេសក្នុងប្លុកអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ជាមួនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២-២០២៣ និងកើនឡើងជិតទ្វេដងក្នុងទសវត្សរ៍ចុងក្រោយនេះ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner