ម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធី

(ភ្នំពេញ)៖ ម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធីខាងមុខ ហើយសន្តិភាព នឹងកើតមានឡើងវិញ សម្រាប់ប្រទេសទាំងពីរ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោក ដែលអញ្ជើញមកបំពេញបេសកម្មនៅកម្ពុជា និងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោក ជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និយាយជារួម ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ី ឲ្យកាន់តែមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះ ឯកឧត្តម Mohd Hatta បានលើកឡើងនូវក្តីរីករាយ ដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលកន្លងទៅ បានដឹកនាំប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម និងប្រតិភូ រីករាយ និងរង់ចាំស្ដាប់នូវការចែករំលែកបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោ ដែលមានបទពិសោធន៍ដ៏ច្រើននៅក្នុងអាជីពជាអ្នកនយោបាយ ជាអ្នកដឹកនាំនាពេលកន្លងមក ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជា ពីអតីតកាល ជាពិសេសការដឹកនាំរបស់សម្ដេច ក្នុងការនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងការធ្វើឲ្យកម្ពុជា ទទួលបាននូវសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន កម្ពុជា មានមេដឹកនាំថ្មី ដែលជាអ្នកជំនាន់ក្រោយ កំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ នឹងដើរយ៉ាងលឿនក្នុងការបំពេញនូវការដឹកនាំសម្រាប់ឲ្យប្រទេសកម្ពុជា រីកចម្រើនទៅមុខទៀត។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នរវាងបញ្ហាព្រំដែនកម្ពុជា និងថៃ ។ សម្តេចតេជោ បានពន្យល់អំពីរឿងរ៉ាវនៃការកើតឡើង ហើយនឹងបញ្ហាប្រឈម និងកំពុងតែឈានទៅរកការធ្វើយ៉ាងណា ឲ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា ហើយអ្វីដែលកម្ពុជា ចង់បាន គឺការរក្សានូវបទឈប់បាញ់ឲ្យបាន ហើយដោះស្រាយបញ្ហា ឈានទៅរកដំណោះស្រាយមួយ វិលមករកប្រក្រតីភាពឡើងវិញ ដែលប្រទេសទាំងពីរ ធ្លាប់មានកន្លងមក។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ី នៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្ដេច ក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័ស និងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ។

នាឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ដែលជាប្រធានប្រតិភូ បានសំដែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែក និងពន្យល់យ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចដោយសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា មានភាពធំទូលាយ ដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជា ។ ឯកឧត្តមក៏បានសរសើរចំពោះការរីកចម្រើននៃទីក្រុងភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាតែម្ដង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner