ក្រសួងសង្គ្រាមអាមេរិកផ្តល់កុងត្រាតម្លៃ ៥ ពាន់លានដុល្លារផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះដ្រូន

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងសង្រ្គាមអាមេរិកបានផ្តល់កុងត្រាតម្លៃ ៥ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតសព្វាវុធយក្ស Raytheon ក្នុងការផលិតប្រព័ន្ធមីស៊ីល Coyote ដែលជាប្រភេទអាវុធល្បឿនលឿន ប្រើប្រាសចម្បងសម្រាប់ប្រតិបត្តិការប្រឆាំងយន្តហោះដ្រូន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។

កិច្ចសន្យាផលិតប្រព័ន្ធមីស៊ីលប្រឆាំងដ្រូននេះ កើតឡើងចំពេលមន្ទីរបញ្ចកោណកំពុងពង្រីកថវិកាដ៏ច្រើនសម្បើមមិនធ្លាប់មាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលរដ្ឋបាលរបស់គាត់បានដាក់អាទិភាពចម្បងលើការពង្រឹងសន្តិសុខមាតុភូមិ។

យោងតាមការជូនដំណឹងលើគេហទំព័រផ្លូវរបស់ក្រសួងសង្គ្រាមអាមេរិក បានឱ្យដឹងថា កុងត្រានេះ ក៏នឹងគ្របដណ្តប់លើការផលិតឧបករណ៍បាញ់បង្ហោះដ្រូន, ការផលិតយន្តហោះដ្រូនសម្រាប់ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ និងប្រព័ន្ធរ៉ាដា។

ហើយកិច្ចសន្យានេះនឹងដំណើរការរហូតដល់ឆ្នាំ២០៣៣ខាងមុខ ខណៈបច្ចុប្បន្នយោធាអាមេរិកកំពុងសាកល្បងយន្តហោះដ្រូនសម្រាប់តួនាទីឃ្លាំមើល ការវាយប្រហារ និងតួនាទីស្ទាក់ចាប់ជាដើម។

នៅក្នុងខែសីហា ក្រុមហ៊ុន Raytheon ក៏បានទទួលកុងត្រាមានតម្លៃ ៣.៥ពាន់លានដុល្លារផងដែរ ដើម្បីផលិតមីស៊ីលរយៈចម្ងាយមធ្យម AMRAAM ដែលអាចប្រើជាមួយប្រព័ន្ធកាំជ្រួចការពារដែនអាកាស NASAMS របស់អាមេរិក ដែលផ្គត់ផ្គង់ដល់បណ្តាប្រទេសមួយចំនួន រួមមានអ៊ុយក្រែន ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងចក្រភពអង់គ្លេស។

ដោយឡែក កាលពីខែមុន រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth បានបង្កើតក្រុមការងារអន្តរកម្មថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយយន្តហោះដ្រូន។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News, លោក Hegseth ក៏បានដឹកនាំមន្ទីរបញ្ចកោណឱ្យផលិត និងដាក់ពង្រាយយន្តហោះដ្រូន ដើម្បីជាការត្រៀមខ្លួនទប់ទល់ក្នុងករណីផ្ទុះជម្លោះរុស្ស៊ី និងចិន។

កិច្ចសន្យាថ្មីនេះទៀតសោត កើតឡើងចំពេលសេតវិមានបានដាក់សំណើសុំថវិកាការពារជាតិរហូតដល់ ១.០១ ទ្រីលានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៦។ កញ្ចប់ថវិការដ៏ច្រើនសម្បើមនេះកើនឡើងប្រមាណ ១៣.៤% ដោយផ្តោតសំខាន់លើការការពារមីស៊ីល និងសន្តិសុខមាតុភូមិ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner