រូម៉ានីចង់ជះលុយ ៧ ពាន់លានដុល្លារទិញរថក្រោះចម្បាំងរាប់រយគ្រឿងពីអាមេរិក
ប៊ុយការ៉េស ៖ ក្រសួងការពារជាតិរ៉ូម៉ានីបានស្នើឱ្យសភាអនុម័តលើផែនការទិញរថក្រោះចម្បាំង Abrams ដល់ទៅរាប់រយគ្រឿង ព្រមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការបណ្តុះបណ្តាល ដែលសរុបមានតម្លៃជាង ៧ពាន់លានដុល្លារ។
មូលហេតុដែលរូម៉ានីចង់ជះលុយដល់ទៅ ៧ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងថែមទៀតនេះ គឺដោយសារតែថ្មីៗនេះ មានយន្តហោះដ្រូនបានរំលោភដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយប្រហារកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ចេញពីប្រទេសរ៉ូម៉ានី។
ហើយយុទ្ធសាស្ត្របញ្ជាទិញឧបករណ៍យោធាពង្រឹងវិស័យការពារជាតិរបស់រូម៉ានី ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសរូម៉ានី ដែលដឹកនាំដោយលោកប្រធានាធិបតី Nicusor Dan ប៉ុន្តែទោះបីជាយ៉ាងណា ការបញ្ជាទិញសព្វាវុធទ្រង់ទ្រាយធំទាមទារត្រូវតែឆ្លងកាត់ការអនុម័តពីសភាជាមុន។
កន្លងមក សហភាពអឺរ៉ុប និងសមាជិកអង្គការណាតូបានចុះហត្ថលេខាលើកិច្ចសន្យាដំបូង ដើម្បីបញ្ជាទិញរថក្រោះ Abrams ចំនួន ៥៤គ្រឿងពីស្តុករបស់កងទ័ពអាមេរិក ក្នុងតម្លៃ ១.០៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយការប្រគល់រថក្រោះទាំងអស់គឺនៅឆ្នាំ ២០២៨។
ឥឡូវនេះ ពួកគេក៏មានគោលបំណងទិញគ្រាប់រំសេវ គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់កងទ័ពរថក្រោះទាំងនោះក្នុងតម្លៃ ៤៥៨.២លានដុល្លារផងដែរ។
ជាងនេះទៅទៀត ពួកគេក៏បានកំណត់គោលដៅបញ្ជាទិញរថក្រោះចម្បាំងបន្ថែមចំនួន ២១៦គ្រឿង រួមទាំងគ្រឿងបន្លាស់ក្នុងតម្លៃ ៧.៦ពាន់លានដុល្លារ។ រថក្រោះចម្បាំង Abrams ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន General Dynamics៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

