ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ដូច្នេះហើយ ក.ប.ទ. បានផ្តោតលើការជំរុញបច្ចេកវិទ្យានេះ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងឯកសារគោលនយោបាយ។

ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព” នៅសណ្ឋាគារ Sun & Moon Hotel ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៥០រូប។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថាសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដែលបាននិងកំពុងរៀបចំនេះ គឺស្របតាមនិន្នាការតំបន់ អាស៊ាន និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងបរិបទកម្ពុជា។ គោលនយោបាយនេះ នឹងរំលេចអំពីយន្តការអនុវត្ត ការសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យ ដែលនឹងជំរុញក្រសួង ស្ថាប័ន ឱ្យចាប់យកបច្ចេកវិទ្យាក្លោដមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំ បានសិក្សាពីតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះពីក្រសួង ស្ថាប័នជាតិ ក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងបានសិក្សាលើឯកសារនានារបស់ស្ថាប័នអន្តរជាតិ ជាអាទិ៍ អាស៊ាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនបច្ចេកវិទ្យាល្បី ជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គសិក្ខាសាលាទាំងមូលខិតខំឈ្វេងយល់ ចែករំលែកបទពិសោធ និងពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទទាំងអស់នៅក្នុងកិច្ចពិភាក្សា ដើម្បីបង្កើនចំណេះដឹងក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលពេញលេញនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner