ព្យុះប៊ូឡូយ ៖ វៀតណាមស្លាប់ ៣៦នាក់ ខូចខាត ៤៥០លានដុល្លារ

ហាណូយ ៖ ព្យុះទីហ្វុង ប៊ូឡូយ បានសម្លាប់មនុស្សនៅវៀតណាម ចំនួន៣៦នាក់ និង បណ្តាលឱ្យខូចខាតអស់ ៤៥០លានដុល្លារ នៅទូទាំងប្រទេស។

ទីភ្នាក់ងារព័ត៌មាន VNexpress បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះទីហ្វុង Bualoi បានសម្លាប់មនុស្ស ៣៦ នាក់, បាត់ខ្លួន២១នាក់ និង របួស ១៤៧នាក់ នៅក្នុងប្រទេសវៀតណាម ហើយ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយ និង ការខូចខាតជាង ១១.៤ ពាន់ពាន់លានដុង ឬ ៤៥០លានដុល្លារ គិតត្រឹមថ្ងៃទី២ ខែតុលា។

ព្យុះនេះបានបំផ្លាញផ្ទះ ចំនួន១៦០ខ្នង និង ខូចខាត ជិត១៥៥,០០០ខ្នងទៀត, បំផ្លាញដំណាំ ជាង៥១,០០០ហិកតា, វារីវប្បកម្ម ១៣,៤០០ហិកតា។ ក្រៅពីនេះ សត្វគោ ១,៦០០ក្បាល និង សត្វបក្សីចំនួន ៤០៥,០០០ក្បាល បានងាប់។

សាលារៀនជាង ១,៤០០កន្លែង ត្រូវបានរងផលប៉ះពាល់។ ផ្លូវនៅក្នុងខេត្ត ភាគខាងជើង និងខាងជើង-កណ្តាល បានទទួលរងការបាក់ដី និង មានទឹកជំនន់ចំនួនជាង ៦,៨០០កន្លែង ហើយ បង្គោលភ្លើង ជាង៨,២០០ដើម និង ដើមឈើ ៦៥,០០០ ដើម បានដួលរលំ ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនី មិនអាចឲ្យ អតិថិជនប្រើប្រាស់បាន ចំនួន ២លាន៧សែននាក់។

ខេត្ត Ha Tinh បានទទួលរងការខាតបង់សេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរបំផុត ដែលមានតម្លៃ ២២៧.២លានដុល្លារ។ បន្ទាប់មក ខេត្ត Lao Cai និង ខេត្ត Nghe An។ យ៉ាងណា ទឹកជំនន់បានស្រកវិញ នៅភាគខាងជើង ខណៈទឹកភ្លៀងបានធូរស្រាល៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner