យន្តហោះចម្បាំងអាមេរិកហោះក្បែរឆ្នេរវេណេស៊ុយអេឡា
ការ៉ាកាស ៖ យន្តហោះចម្បាំងរបស់អាមេរិក បានហោះមកជិតឆ្នេរសមុទ្រ របស់ប្រទេសវេណេស៊ុយអេឡា។
វេណេស៊ុយអេឡានិយាយថា ខ្លួនបានរកឃើញយន្តហោះចម្បាំងអាមេរិក ចំនួន ៥ គ្រឿង ដែលកំពុងហោះហើរ ជិតឆ្នេរសមុទ្ររបស់ខ្លួន ដោយបន្ថែមភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជាឱ្យមានការបង្កើតកងនាវាចរដ៏ច្រើន នៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក ឧត្តមសេនីយ៍ Vladimir Padrino បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំង F-35 យ៉ាងហោចណាស់ ចំនួន ៥គ្រឿង ត្រូវបានគេរកឃើញ នៅក្នុងអ្វីដែលលោកពិពណ៌នាថា ជាការគំរាមកំហែង ហើយថា «ចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក ហ៊ានចូលមកជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា»។
លោក Padrino បាននិយាយថា «វត្តមានរបស់យន្តហោះទាំងនេះ ដែលហោះហើរជិតសមុទ្រការីបៀនរបស់យើង គឺជាអំពើមិនសមរម្យ ការញុះញង់គំរាមកំហែងដល់សន្តិសុខ របស់ប្រទេសជាតិ»។
លោកបាននិយាយថា «ខ្ញុំសូមថ្កោលទោស ចំពោះមុខពិភពលោក ជុំវិញការយាយីផ្នែកយោធា ការគំរាមកំហែងដោយយោធារបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា ដែលចង់បានសន្តិភាព ការងារធ្វើ និងសុភមង្គល»។
អាជ្ញាធរវេណេស៊ុយអេឡាបាននិយាយថា វត្តមានរបស់យន្តហោះចម្បាំងអាមេរិក ត្រូវបានរកឃើញ ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស , ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិ Maiquetia ដែលបម្រើដល់រដ្ឋធានី ការ៉ាកាស ក៏ដូចជា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
