មន្រ្តីផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងវិធានការការពារទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីជលផលក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដល់ប្រជានេសាទកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំបានផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការណែនាំស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបិទនិងរដូវបើកនេសាទ ដែលប្រជានេសាទទាំងអស់ រួមជាមួយនឹងប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តតាមច្បាប់ស្តីពីជលផលដែលរដ្ឋសភាជាតិបានអនុម័ត និង ទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលថ្មីៗនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណដល់ប្រជានេសាទមួយចំនួនធំ ដែលកន្លងមកបានចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងជំនាញមានសមត្ថកិច្ច ក្នុងការប្រើប្រាស់ឧបករណ៍នេសាទបានត្រឹមត្រូវ តែក៏នៅមានប្រជានេសាទយើងមួយចំនួន នៅតែលបលួចដាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ ។ឯកឧត្តមក៏បានកោតសរសើរកងកម្លាំងចម្រុះ ដែលបានរួមគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ទទួលបានលទ្ធផលល្អប្រសើរ ៕
ដោយ៖ ប៊ុន រដ្ឋា