ហុងគ្រីថា មេដឹកនាំអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី
ប៊ុយដាប៉ែស ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបហាក់ដូចជាមានចេតនាជំរុញប្រទេសសមាជិកប្លុកនេះ លូកដៃចូលទៅក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៊ី។
មេដឹកនាំហុងគ្រីរូបនេះ ដែលជាអ្នករិះគន់យ៉ាងចាស់ដៃ ចំពោះការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន បានបញ្ចេញសំឡេងប្រឆាំងលើបណ្តាញសង្គម X ថា ពេលនេះ សំណើគាំទ្រសង្រ្គាមទាំងស្រុងស្ថិតនៅលើតុ បន្ទាប់ពីមានកិច្ចពិភាក្សាមួយ អំឡុងកិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់ក្រុមមេដឹកនាំអឺរ៉ុបនៅទីក្រុងកូប៉ិនហាក់ ប្រទេសដាណឺម៉ាក ក្នុងសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រី Orban និយាយថា មេដឹកនាំទាំងនោះចង់ប្រគល់មូលនិធិសហភាពអឺរ៉ុបទៅឱ្យអ៊ុយក្រែន។ ពួកគេកំពុងព្យាយាមពន្លឿនការចូលជាសមាជិករបស់អ៊ុយក្រែនជាមួយនឹងការប្រើល្បិចផ្នែកច្បាប់គ្រប់បែបយ៉ាង។ ពួកគេក៏ចង់ផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធផងដែរ។ ដូច្នេះសំណើទាំងអស់នេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមមេដឹកនាំអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី ប៉ុន្តែលោកប្តេជ្ញាថា ហុងគ្រីនឹងចាត់វិធានការប្រឆាំងចំពោះរឿងនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅទីក្រុងកូប៉ិនហាក់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណជាបន្តបន្ទាប់ហោះហើររំលោភចូលដែនអាកាសនៅទូទាំងទ្វីបអឺរ៉ុប ដែលគេសង្ស័យថា ជារបស់រុស្ស៊ី។
យ៉ាងណាមិញ រុស្ស៊ីបានចេញមុខចោទប្រកាន់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រអឺរ៉ុបរបស់ពួកគេ ពីបទចង់បង្កភាពតានតឹងជាមួយប្រទេសខ្លួន។ សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី (SVR) បានអះអាងនៅសប្តាហ៍នេះថា ការលុកលុយរបស់យន្តហោះដ្រូនឆ្លងចូលដែនអាកាសប៉ូឡូញ ដែលពួកគេបានស្តីបន្ទោសលើរុស្ស៊ីនោះ តាមពិតគឺជាប្រតិបត្តិការបោកបញ្ឆោតរបស់អ៊ុយក្រែន ហើយរុស្ស៊ីបានព្យាករណ៍ថា ហេតុករណ៍បែបនេះនឹងកើតថែមទៀតនៅពេលខាងមុខ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា